(ម៉ាឌ្រីដ)៖ លោក Hansi Flick ត្រូវបានជ្រើសរើសជាគ្រូបង្វឹកល្អប្រចាំខែសីហា ឆ្នាំ២០២៤ នៅក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga បន្ទាប់ពីដឹកនាំក្រុម FC Barcelona ឈ្នះទាំង ៤ប្រកួតជាប់ៗគ្នានាដើមរដូវកាលថ្មី។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Yahoo នាថ្ងៃនេះ។

បុរសសញ្ជាតិអាល្លឺម៉ង់ ដែលចូលដឹកនាំ Barcelona ជំនួសលោក Xavi Hernandez នោះ មិនបានខ្ជះខ្ជាយពេលវេលាឡើយ ពោលគឺដឹកនាំក្រុមអ្នកមានបុណ្យលេងឈ្នះទាំង ៤ប្រកួតតែម្តងនៅដើមរដូវកាលលីគកំពូលអេស្ប៉ាញ ឆ្នាំ២០២៤-២០២៥ និងបានឈ្នះពានគ្រូល្អប្រចាំខែដំបូងនេះដែរ។

អតីតគ្រូបង្វឹកដែលជោគជ័យជាមួយក្លិប Bayern Munich និងធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ផងនោះ បានសាងកំណត់ត្រាលេងឈ្នះ ៤ប្រកួតជាមួយ Barcelona ដោយបានបំប៉ោងសំណាញ់ទីគូប្រកួតមានដល់ទៅ ១៣គ្រាប់ ដ្បិតក្រុមខ្លាំងប្រចាំតំបន់ Catalan មួយនេះ ក៏បានបំបាក់ Real Valladolid ៧-០ ដែរ។

គួរបញ្ជាក់ផងថា ឆ្លងតាម ៤ប្រកួតមកនេះ Barcelona ឈរទីកំពូលតារាង La Liga ដាច់ដោយមាន ១២ពិន្ទុពេញ តាមពីក្រោយដោយក្រុមការពារតំណែងជើងឯក Real Madrid ដែលមានតែ ៨ពិន្ទុប៉ុណ្ណោះ៕