(លីសប៊ន)៖ រដ្ឋាភិបាលស្តាំនិងកណ្តាលនិយមរបស់ព័រទុយហ្គាល់ នឹងបន្តរក្សាការហាមឃាត់របស់រដ្ឋបាលចាស់ លើក្រុមហ៊ុនទូរគមនាគមន៍ ដែលប្រើប្រាស់ឧបករណ៍ចិន ក្នុងបណ្តាញ 5G របស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
កាលពីខែឧសភា ឆ្នាំ២០២៣, ស្ថិតក្រោមរដ្ឋាភិបាលសង្គមនិយម, ក្រុមប្រឹក្សាសន្តិសុខអ៉ីនធើណេត (CSSC) របស់ព័រទុយហ្គាល់ បានហាមឃាត់ឧបករណ៍ចិន ពីបណ្តាញទូរស័ព្ទចល័តល្បឿនលឿន 5G ព្រមទាំងទម្រង់ 4G ដែលប្រើជាមូលដ្ឋាន សម្រាប់បច្ចេកវិទ្យាថ្មី។
CSSC គឺជាស្ថាប័នពិគ្រោះយោបល់របស់នាយករដ្ឋមន្ត្រី ហើយការហាមឃាត់នេះ បានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Huawei ក្នុងការចូលទៅកាន់ទីផ្សារ 5G របស់ព័រទុយហ្គាល់។
រដ្ឋាភិបាលថ្មីរបស់ព័រទុយហ្គាល់ បានឡើងកាន់តំណែង កាលពីខែមេសាកន្លងទៅ។
«មានគោលនយោបាយមួយចំនួន ដែលត្រូវតែបន្ត ហើយសន្តិសុខ គឺជាគោលនយោបាយមួយ ក្នុងចំណោមគោលនយោបាយទាំងនោះ», នេះបើតាមសម្តីរដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធ លោក Miguel Pinto Luz បានប្រាប់សារព័ត៌មាន។
អឺរ៉ុប និងសហរដ្ឋអាម៉េរិក បានព្រួយបារម្ភថា ចិន ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់សន្តិសុខ, ដោយការព្រួយបារម្ភនេះ ត្រូវបានច្រានចោលដោយរដ្ឋាភិបាលទីក្រុងប៉េកាំង និងក្រុមហ៊ុន Huawei។ កាលពីខែកញ្ញា ឆ្នាំមុន, ក្រុមហ៊ុន Huawei បានដាក់ពាក្យបណ្តឹងនៅតុលាការទីក្រុង Lisbon ប្រឆាំងលើការហាមឃាត់របស់ CSSC៕