(តូក្យូ)៖ ក្រុមហ៊ុន Panasonic Holding របស់ជប៉ុន បានឱ្យដឹងនៅថ្ងៃអង្គារថា ខ្លួនបានបញ្ចប់កិច្ចសន្យារយៈពេល៣៧ឆ្នាំរបស់ខ្លួន ក្នុងនាមជាអ្នកឧបត្ថម្ភកំពូល សម្រាប់ព្រឹត្តិការណ៍ Olympics បន្ទាប់ពីចប់ព្រឹត្តិការណ៍ Paris Games។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Osaka នេះ គឺជាក្រុមហ៊ុនដំបូង ដែលបានក្លាយជាដៃគូផ្លូវការ នៃព្រឹត្តិការណ៍ Olympic Games ក្នុងឆ្នាំ១៩៨៧ និងបានពង្រីកភាពជាដៃគូរបស់ខ្លួន ទៅដល់ព្រឹត្តិការណ៍ Paralympics ផងដែរ ចាប់ពីឆ្នាំ២០១៤មក។
ក្រុមហ៊ុននេះ បានគាំទ្រដល់ព្រឹត្តិការណ៍ ជាមួយនឹងបច្ចេកវិទ្យា, ផលិតផល និងសេវាកម្មរបស់ខ្លួន។
ដោយឡែក ក្រុមហ៊ុន Toyota Motor ដែលជាអ្នកឧបត្ថម្ភកំពូលមួយទៀត ក៏បានបញ្ចប់ភាពជាអ្នកឧបត្ថម្ភរបស់ខ្លួនផងដែរ ចំពោះព្រឹត្តិការណ៍ Olympics ក្នុងឆ្នាំនេះ ខណៈកិច្ចសន្យារយៈពេល១០ឆ្នាំរបស់ខ្លួន បានផុតកំណត់។
ក្រុមហ៊ុន Panasonic បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការសម្រេចបញ្ចប់កិច្ចសន្យានេះ បានធ្វើឡើង ខណៈក្រុមហ៊នបានបន្តពិនិត្យមើល ពីរបៀបនៃការឧបត្ថម្ភ ដែលគួរតែវិវឌ្ឍន៍ជាមួយនឹងការពិចារណា លើការគ្រប់គ្រងទូលំទូលាយ និងបន្ទាប់ពីមានការពិគ្រោះយោបល់ ជាមួយនឹងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)៕