(ភ្នំពេញ)៖ ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកភាពងាយស្រួលនៃការធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា និងស្របតាមការដឹកនាំប្រកបដោយចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលគាំទ្រដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ធនាគារ កាណាឌីយ៉ា ដែលជា ស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយដែលមានបទពិសោធន៍ជាង ៣៣ឆ្នាំនៅក្នុងវិស័យទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងមហាផ្ទៃ។ កិច្ចព្រមព្រៀងនេះគាំទ្រនូវការប្រមូលថ្លៃទិដ្ឋាការពីអ្នកធ្វើដំណើរជនជាតិបរទេសតាមរយៈសេវាកម្មទូទាត់តាមអេឡិចត្រូនិចចុងក្រោយបង្អស់របស់ធនាគារ។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ តំណាងឱ្យ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាមួយនឹងវត្តមាន ឧកញ៉ា វ៉ាន់ ឆារស៏ អគ្គនាយករង នៃធនាគារ កាណាឌីយ៉ា ដោយមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ និងមន្ត្រីជាន់ខ្ពស់មកពីអង្គភាពទាំងពីរ។ ភាពជាដៃគូនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររបស់ព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ដែលផ្តល់ភាពងាយស្រួល និងស្របតាមកិច្ចខិតខំប្រឹងប្រែង ដែលកំពុងដំណើរការរបស់ធនាគារ កាណាឌីយ៉ា ទៅលើការធ្វើបរិវត្តកម្មឌីជីថល។ ការចាប់ដៃគូនេះ ក៏ផ្តល់ដំណោះស្រាយនៃការទូទាត់តាមអេឡិចត្រូនិកមានភាពរហ័ស និងសុវត្ថិភាពតាមរយៈប្រព័ន្ធដែលមានឈ្មោះថា Cambodia e-Arrival របស់ព្រះរាជាណាចក្រកម្ពុជា ដែលសម្រួលដល់ដំណើរការដាក់ពាក្យសុំទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ។ ប្រព័ន្ធនេះ នឹងគ្របដណ្តប់លើការបង់ថ្លៃទិដ្ឋាការតាមបញ្ជរនៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។
ប្រព័ន្ធ Cambodia e-Arrival បានបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថាប័នរដ្ឋាភិបាលសំខាន់ៗ តំណាងឱ្យការឈានទៅមុខក្នុងទម្រង់បែបបទថ្មីមួយ ដែលកម្ពុជាស្វាគមន៍ភ្ញៀវបរទេស ក្នុងការលុបបំបាត់ភាពស្មុគស្មាញនៃដំណើរការរៀបចំ និងបំពេញឯកសារផ្សេងៗ។ ឥឡូវនេះ អ្នកដំណើរជនជាតិបរទេស អាចបំពេញពាក្យស្នើសុំទិដ្ឋាការរបស់ពួកគេតាមអ៉ីនធឺណិតដោយខ្លួនឯង ដោយផ្តល់ឯកសារផ្ទាល់ខ្លួន និងព័ត៌មានលម្អិតតាមរយៈវេបសាយ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival ដែលអាចទាញយកបានតាមរយៈ App Store និង Google Play។
ជាមួយនឹងការរួមបញ្ចូលសេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកដ៏ទំនើបរបស់ធនាគារ កាណាឌីយ៉ា អ្នកដំណើរអាចធ្វើការទូទាត់ថ្លៃទិដ្ឋាការដោយងាយស្រួល តាមកម្មវិធីទូរស័ព្ទ ឬគេហទំព័រផ្លូវការដែលបានដាក់នៅខាងលើ រួចជ្រើសរើសយកធនាគារ កាណាឌីយ៉ា នៅពេលទូទាត់ប្រាក់ជាមួយនឹងជម្រើសសម្បូរបែបរួមមាន Visa, Mastercard, UnionPay, JCB, Alipay, និង WeChat Pay។ បន្ថែមទៀត សម្រាប់អ្នកដំណើរដាក់ពាក្យស្នើសុំទិដ្ឋាការនៅអាកាសយានដ្ឋានអន្តរជាតិកម្ពុជា ក៏អាចធ្វើការទូទាត់តាមម៉ាស៊ីនឆូតកាត (POS) របស់ធនាគារ កាណាឌីយ៉ា ដែលផ្តល់បទពិសោធន៍ទូទាត់យ៉ាងងាយរលូន និងសុវត្ថិភាពជាមួយជម្រើសបច្ចេកវិទ្យាទូទាត់តាមបែប Contactless។
«ធនាគារ កាណាឌីយ៉ា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលក្លាយជាផ្នែកមួយនៃគម្រោងមួយនេះ ដែលផ្តោតទៅលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមប្រសាសន៍របស់ ឧកញ៉ា វ៉ាន់ ឆារស៏។
ឧកញ៉ា វ៉ាន់ ឆារស៏ បានបន្តថា «កិច្ចសហការរបស់យើងជាមួយក្រសួងមហាផ្ទៃលើប្រព័ន្ធ Cambodia e-Arrival ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងខ្ញុំ ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលដែល ផ្តល់បទពិសោធន៍ដ៏ល្អក្នុងការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិ។ ភាពជាដៃគូនេះគឺស្របគ្នានឹង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយពង្រឹងជំហររបស់ព្រះរាជាណាចក្រកម្ពុជា ជាគោលដៅចំបងក្នុងតំបន់សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគ»។
តាមរយៈការចាប់ដៃគូនេះ ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានទៅមុខឆ្ពោះទៅរកការ កែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួន ដើម្បីសម្រួលដល់ភ្ញៀវទេសចរក្នុងការចូលមកកាន់ប្រទេសកម្ពុជា។ ធនាគារ កាណាឌីយ៉ា នឹងបន្តប្តេជ្ញាចិត្តក្នុងការជួយជំរុញដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈការបន្តវិនិយោគលើបច្ចេកវិទ្យាធនាគារទំនើបៗ ដែលជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ប្រកបដោយភាពរលូន និងសុវត្ថិភាព។
សូមជម្រាបថា ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជក្នុងស្រុក ដែលមានសេវាកម្មធនាគារពេញលេញ ហើយឈានមុខគេក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១ ជាមួយនឹងចំណែកទីផ្សារមួយដ៏ធំនៃប្រាក់កម្ចី និងប្រាក់បញ្ញើ។ ក្នុងឆ្នាំ២០២៤ បន្ថែមពីលើការឈ្នះពានរង្វាន់សម្រាប់បច្ចេកវិទ្យាក្នុងវិស័យធនាគារឌីជីថលនៅកម្ពុជា ថ្នាក់តំបន់ ពីស្ថាប័នទស្សនាវដ្តីហិរញ្ញវត្ថុ The Asian Business Review ធនាគារ កាណាឌីយ៉ា បានទទួលពានរង្វាន់ ធនាគារឆ្នើមសម្រាប់សេវាកម្មរូបវន្តបុគ្គល ជាលើកទីបួន ទទួលស្គាល់ដោយស្ថាប័ន The Asian Banker និងទទួលបានពានរង្វាន់ជាលើកទី២ជា ធនាគារឆ្នើមសម្រាប់សាជីវកម្មនៅកម្ពុជា ទទួលស្គាល់ដោយស្ថាប័ន Euromoney ព្រមទាំងពានរង្វាន់ ធនាគារឆ្នើម សម្រាប់សហគ្រាសធុនតូច និងមធ្យម ពីស្ថាប័ន The Digital Banker។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារ ក៏បានទទួលពាន់រង្វាន់ចំនួនពីរ ថ្មីៗនេះ ពីស្ថាប័ន International Finance Awards ជាពានរង្វាន់ ធនាគារពាណិជ្ជដ៏ឆ្នើមបំផុត ជាលើកទី៦ និងពានរង្វាន់ ធនាគារឆ្នើមបំផុតសម្រាប់ហិរញ្ញប្បទានពាណិជ្ជកម្ម នៅកម្ពុជាឆ្នាំ២០២៤ ជាលើកដំបូង។
នាពេលបច្ចុប្បន្ន ធនាគារ កាណាឌីយ៉ា មានបណ្តាញសាខាចំនួន ៦៨ ទីតាំង ព្រមទាំងមានម៉ាស៊ីនស្វ័យសេវាធនាគារច្រើនជាង ៤៥០ ទូទាំងប្រទេសកម្ពុជា ដែលមានដូចជាម៉ាស៊ីនដកប្រាក់ (ATM) ម៉ាស៊ីនដាក់-ដកប្រាក់ និងដាក់មូលប្បទានបត្រ (CRM) ម៉ាស៊ីនបើកគណនី (VTM) និងម៉ាស៊ីនបោះពុម្ពកាត (SEM)៕