(វ៉ាស៊ីនតោន)៖ លោក Mauricio Pochettino ត្រូវបានតែងតាំងដឹកនាំក្រុមបាល់ទាត់ផ្នែកបុរសសហរដ្ឋអាមេរិក ដើម្បីជំនួសតំណែងគ្រូបង្វឹកចាស់លោក Gregg Berhalter ដែលបានត្រូវបានដកតួនាទីធំនេះកាលពីខែកក្កដា ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
បុរសសញ្ជាតិអាហ្សង់ទីនរូបនេះ ធ្លាប់ធ្វើការនៅអង់គ្លេស តាមរយៈដឹកនាំក្លិប Southampton, Tottenham Hotspur និងតោខៀវ Chelsea ជាដើម ជាមួយនឹងការដឹកនាំក្រុមធំនៅបារាំង Paris Saint Germain ថែមទៀតផង។
ការប្រកាសតែងតាំងជាផ្លូវការនេះ ត្រូវបានធ្វើឡើង នៅមុនពេលជម្រើសជាតិអាមេរិក ត្រូវប៉ះក្រុមណូវែលហ្សេឡង់ ក្នុងមិត្តភាពអន្តរជាតិដែលនឹងធ្វើឡើងនៅ Cincinnati ដ្បិតលោក Pochettino បានថ្លែងថា «វាជាឱកាសដ៏ល្អមួយ ដែលខ្ញុំមិនអាចរំលងបានទេ»។
ការតែងតាំងលោក Pochettino នេះដែរ មានន័យថា ក្រុមបាល់ទាត់ជម្រើសជាតិទាំងបុរស និងនារីអាមេរិក សុទ្ធតែមានអតីតគ្រូបង្វឹកមក Chelsea ដឹកនាំដូចគ្នាបច្ចុប្បន្ននេះ បន្ទាប់ពីលោកស្រី Emma Hayes ចូលដឹកនាំក្រុមនារីនាដើមឆ្នាំ២០២៤ ក្រោយលាឈប់ពីតោខៀវរួចមក។
លោក Pochettino ត្រូវដឹកនាំក្រុមឈរនៅលំដាប់ថ្នាក់លេខ១៦ ពិភពលោក លេងពាន World Cup 2026 ក្នុងនាមសហម្ចាស់ផ្ទះជាមួយកាណាដា និងមិចស៊ិក ដែលនៅសល់ពេលមិនដល់ ២ឆ្នាំទៀតទេ៕