(បរទសេ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Amazon ជំនាញផ្នែកផ្តល់សេវាកម្ម Cloud Computing នោះ បានប្រកាសពីគម្រោងវិនិយោគជាទឹកប្រាក់ ៨ពាន់លានផោន (១០.៤៥ ពាន់លានដុល្លារ) នៅចក្រភពអង់គ្លេស ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីសាងសង់, ប្រតិបត្តិការ និងថែទាំមជ្ឈមណ្ឌលទិន្នន័យនៅទីនោះ។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឲ្យដឹងថា តាមរយៈគម្រោងវិនិយោគនេះ ក្រុមហ៊ុននឹងរួមចំណែក ១៤ពាន់លានផោនដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអង់គ្លេសនៅចុងឆ្នាំ២០២៨ និងជួយផ្តល់ការងារជាង ១៤,០០០កន្លែង ដល់ប្រជាជននៅទីនោះ។ គម្រោងនេះ ក៏ត្រូវបានគេមើលឃើញថា តំណាងឱ្យការបោះជំហានទៅមុខនៃការវិនិយោគរបស់ Amazon នៅក្នុងប្រទេសអង់គ្លេស។ ចាប់តាំងពីឆ្នាំ ២០២២ មកសេវាកម្ម AWS របស់ Amazon បានបណ្តាក់ទុនចំនួន 3ពាន់លានផោននៅក្នុងគ្រឿងបរិក្ខារក្នុងទីក្រុងឡុងដ៍ និង Manchester ។
លោក Tanuja Randery នាយកគ្រប់គ្រងនៅ AWS បានប្រកាសថា «ក្រុមហ៊ុនរបស់យើងដែលបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅទូទាំងពិភពលោក គឺគិតគូរពីចំណុចជាច្រើន មុនពេលសម្រេចចិត្តថាត្រូវដាក់មជ្ឈមណ្ឌលទិន្នន័យ... ពោលគឺគិតពីថាមពល រហូតដល់ទឹកនិងបរិស្ថានក្នុងតំបន់»។
គួរជម្រាបថា ក្រៅពីចក្រភពអង់គ្លេស AWS កំពុងវិនិយោគជាទឹកប្រាក់យ៉ាងច្រើននៅទូទាំងទ្វីបអឺរ៉ុប ដោយបានប្រកាសពីការវិនិយោគ ១៥.៧ ពាន់លានអឺរ៉ូនៅក្នុងប្រទេសអេស្ប៉ាញកាលពីដើមឆ្នាំនេះ និង ៧.៨ ពាន់លានអឺរ៉ូផ្សេងទៀតនៅក្នុងប្រទេសអាល្លឺម៉ង់។ ងាកមកការ វិនិយោគនៅពេលនេះ ត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោកស្រី Rachel Reeves ដែលបានជួបជាមួយវិនិយោគិនបរទេសនៅមុនកិច្ចប្រជុំកំពូលវិនិយោគនៅថ្ងៃទី១៤ ខែតុលា៕