(អាំស្ទើដាំ)៖ ខ្សែការពារក្លិប Manchester City កីឡាករ Nathan Ake ត្រូវបានសែងចេញពីទីលាន ដោយសាររបួសក្នុងជំនួបដែលទឹកក្រូចហូឡង់ បញ្ចប់ក្នុងលទ្ធផលស្មើគ្នាជាមួយក្រុមភ្ញៀវអាល្លឺម៉ង់នៅ UEFA Nations League 2024-2025 នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
កីឡាករវ័យ ២៩ឆ្នាំរូបនេះ ត្រូវបានសែងចេញពីទីលាន នៅពេលបញ្ចប់វគ្គទី១ បន្ទាប់ពីជួបបញ្ហារបួសសរសៃពួរជាទម្ងន់ មុនពេលហូឡង់ និងអាល្លឺម៉ង់ បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ប្រចាំក្រុម៣ League A របស់ពួកគេស្ថិតក្នុងទីក្រុង Amsterdam។
សម្រាប់រដូវកាលថ្មីនេះដែរ Ake ក៏ទើបបានចូលលេង ១ប្រកួតនៅ Premier League ជាមួយ Man City ដែរ ដែលបានយកឈ្នះ West Ham United ៣-១ នៅមុនពេលលីគសម្រាក ដើម្បីមកចូលរួមជាមួយជម្រើសជាតិហូឡង់ដោយបានជួបបញ្ហារបួស ដ្បិតគ្រូបង្វឹកលោក Ronald Koeman បាននិយាយថា បញ្ហារបួសរបស់ Ake ទាមទារការតាមដាន និងពិនិត្យបន្ថែមទៀត។
ក្នុងប្រកួតនោះដែរ ម្ចាស់ផ្ទះហូឡង់បានបើកឆាកនាំមុខអាល្លឺម៉ង់ ១គ្រាប់មុន ត្រឹមចាប់ផ្តើមបាន ២នាទីប៉ុណ្ណោះ នៅមុនពេលឥន្រ្ទីដែកអាល្លឺម៉ង់ ម្ចាស់ផ្ទះ Euro 2024 ដែលពួកគេបានហាលអាវត្រឹមវគ្គ ៨ក្រុម វាយបកបាន ២គ្រាប់នាំមុខវិញ នៅមុនពេលបញ្ចប់វគ្គទី១ និងកីឡាករ Dumfries ជាអ្នករកបានតែ ១គ្រាប់ប៉ុណ្ណោះ សម្រាប់ ៤៥នាទីដែលនៅសល់ ពោលគឺនៅនាទីទី៥០ រហូតដល់ចប់ការប្រកួតតែម្តង ចែកគ្នាម្នាក់ ១ពិន្ទុ ក្នុងប្រកួតសន្សំពិន្ទុលើកទី២ របស់ពួកគេនៅពានលីគអឺរ៉ុប ជំនាន់ទី៤ នេះ៕