(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេិរក Microsoft បានរៀបចំកិច្ចប្រជុំមួយ នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ ក្នុងការកែលម្អប្រព័ន្ធសន្តិសុខតាមអ៊ីនធឺណិត បន្ទាប់ពីការអាប់ដេតកម្មវិធីដោយក្រុមហ៊ុន CrowdStrike បណ្តាលឱ្យគាំង Windows នៅទូទាំងពិភពលោកកាលពីខែកក្កដាកន្លងទៅ។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា កិច្ចប្រជុំនេះបានកត់សម្គាល់ពីជំហានដ៏សំខាន់លើកដំបូងរបស់ក្រុមហ៊ុន Microsoft ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ឧបករណ៍ Windows ជិត ៨.៥ លានគ្រឿងកាលពីថ្ងៃទី១៩ ខែកក្កដា។ បញ្ហាបច្ចេកវិទ្យានេះ គឺបានរំខានដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនធំៗនានា នៅទូទាំងឧស្សាហកម្មជាច្រើន គិតចាប់ពីក្រុមហ៊ុនអាកាសចរណ៍ធំៗរហូតដល់ធនាគារ និងសេវាថែទាំសុខភាព។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Microsoft ស្ថិតក្នុងតំបន់ Redmond រដ្ឋ Washington ។
បញ្ហាបច្ចេកវិទ្យានេះ ត្រូវបានគេចាត់ទុកថា ជាការព្រួយបារម្ភមួយចំពោះការរៀបចំមិនបានល្អ សម្រាប់អនុវត្តផែនការបន្ទាន់ ដូចជាបរាជ័យប្រព័ន្ធ IT ជាដើម។ អ្នកវិភាគបាននិយាយថា បញ្ហានេះក៏បានបង្ហាញពីហានិភ័យនៃការពឹងផ្អែកលើអ្នកផ្តល់សេវាកម្មអំពីកត្តាសុវត្ថិភាពផងដែរ។ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក David Weston បាននិយាយនៅក្នុងកិច្ចប្រជុំនេះថា «ប្រព័ន្ធសុវត្ថិភាព Windows ត្រូវតែរួមគ្នាដើម្បីបង្កើតពិភពលោកដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តជាងមុន»។
ទោះជាយ៉ាណាក៏ដោយ បញ្ហាបច្ចេកវិទ្យានេះ ត្រូវបានក្រុមហ៊ុនជាច្រើនមិនសុខចិត្ត ក្នុងនោះរួមមានក្រមហ៊ុនអាកាសចរណ៍ Delta Air Lines បានប្រកាសថា ខ្លួនកំពុងបន្តការទាមទារដំណោះស្រាយផ្លូវច្បាប់ប្រឆាំងនឹង CrowdStrike និង Microsoft បន្ទាប់ធ្វើឲ្យបញ្ហាកើតឡើង បណ្តាលឱ្យមានការលុបចោលជើងហោះហើរដ៏ច្រើន និងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ខាតបង់យ៉ាងហោចណាស់ ៥០០លានដុល្លារ៕