(បរទេស)៖ ក្រុមបាល់ទាត់សាំបាប្រេស៊ីល បានលេងចាញ់ប៉ារ៉ាហ្គាយលើកដំបូង គិតចាប់តាំងពីឆ្នាំ២០០៨ មក នៃវគ្គជម្រុះ World Cup 2026 ធ្វើឡើងនាព្រឹកថ្ងៃពុធនេះ (ម៉ោងនៅកម្ពុជា)។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ daijiworld។
កីឡាករ Diego Gomez ជាអ្នករកបាន ១គ្រាប់ជ័យជម្នះ ១ទល់នឹង០ ក្នុងវគ្គទី១ ទៅលើអតីតជើងឯក World Cup ៥សម័យច្រើនជាងគេ ក្នុងប្រកួតជុំទី៨ ជើងទី១ ប្រចាំតំបន់អាមេរិកឡាទីន ពីដំណើរស្វែងរកកៅអីឡើងទៅលេងជុំចុងក្រោយនៅប្រទេសមិចស៊ិក កាណាដា និងសហរដ្ឋអាមេរិក រយៈពេល ២ឆ្នាំទៀត។
តាមរយៈ ៣ពិន្ទុក្នុងដីនេះដែរ បានញាំងឱ្យក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ រំកិលទៅកាន់លេខរៀងទី៧ ជាបណ្តោះអាសន្នផងដែរ ក្នុងចំណោម ១០ក្រុម និងចាញ់ប្រេស៊ីលដែលឈរនៅលេខ៥ តែ ១ពិន្ទុប៉ុណ្ណោះ។
នេះក៏ជាជ័យជម្នះលើកទី៣ ក្នុងចំណោមលេងជម្រុះ ១៧ប្រកួតរបស់ពួកគេដែរ នៅពេលកីឡាករ Rodrygo និង Vinicius Jr របស់ប្រេស៊ីលព្យាយាមវាយបក ដើម្បីរកគ្រាប់តាមស្មើ ប៉ុន្តែត្រូវបានខ្សែការពារ Ramon Sosa និងអ្នកចាំទី Roberto Fernandez រារាំងទាន់ពេលវេលា រហូតដល់នាទី៩០ ពុំមានរបូតគ្រាប់បាល់ឡើយ។
ជាមួយគ្នានេះ ក្រុមអាហ្សង់ទីន ក៏ស្គាល់ចាញ់លើកទី២ ក្នុងវគ្គជម្រុះនេះ ពីការប៉ះក្រុមកូឡុំប៊ី លទ្ធផល ២-១ តែពួកគេនៅបន្តឈរនាំមុខកំពូលតារាងដដែល ពីការលេង ៨ប្រកួតរកបាន ១៨ពិន្ទុ ៕