(ភ្នំពេញ)៖ នៅក្នុងដំណាក់កាលដ៏សំខាន់នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងឱកាសអាជីវកម្មឆ្លងប្រទេស ធនាគារ ហត្ថា ធនាគារ MUFG មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI) នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលកិច្ចព្រមព្រៀងដ៏សំខាន់នេះមានគោលបំណងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា ជប៉ុន ថៃ និងប្រទេសដទៃទៀតដែលស្ថាប័នទាំងបីធ្វើប្រតិបត្តិការ។
តាមរយៈកិច្ចព្រមព្រៀងនេះ ក្របខ័ណ្ឌដ៏រឹងមាំមួយសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នទាំងអស់ ត្រូវបានបង្កើតឡើងក្នុងគោលដៅជំរុញការអភិវឌ្ឍអាជីវកម្ម និងកំណើនសេដ្ឋកិច្ចតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ។
ស្ថាប័នទាំង៤នេះ ប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគ និងអ្នកដឹកនាំធុរកិច្ចក្នុងប្រទេសកម្ពុជា ជប៉ុន ថៃ និងតំបន់ដទៃផ្សេងទៀត។
បន្ថែមលើនេះ ភាពជាដៃគូនេះមានគោលបំណងបង្កើនលទ្ធភាពទទួលបានកាលានុវត្តភាពវិនិយោគឆ្លងប្រទេស ដោយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងតំបន់អាស៊ាន តាមរយៈការប្រើប្រាស់ជំនាញរួមដើម្បីការរីកចម្រើនទាំងអស់គ្នា។
លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយ CJCC និង CJBI។ កិច្ចព្រមព្រៀងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការពង្រឹងទំនាក់ទំនងអាជីវកម្ម និងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដែលគាំទ្រដល់កំណើន និងនិរន្តរភាពនៅទូទាំងតំបន់»។
នៅក្នុងសុន្ទរកថាបើកពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (ម.ស.ក.ជ) បានមានប្រសាសន៍ថា នេះជាកិត្តិយស និងឯកសិទ្ធិដ៏អស្ចារ្យសម្រាប់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (ម.ស.ក.ជ) និងសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជ-ជប៉ុន (ស.ព.វ.ក.ជ) ដែលបានចុះកិច្ចព្រមព្រៀងនេះជាមួយធនាគារ MUFG ដែលជាធនាគារធំមួយក្នុងប្រទេសជប៉ុន និងធនាគារហត្ថាដែលជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅ កម្ពុជា។ យើងជឿជាក់ថាអនុស្សរណៈយោគយល់នេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូកាន់តែជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការវាងស្ថាប័នរបស់យើង។ ក្នុងទ្រង់ទ្រាយតូច ភាពជាដៃគូនេះនឹងនាំមកនូវអត្ថប្រយោជន៍ទៅវិញទៅមកតាមរយៈសកម្មភាពអាជីវកម្មជាច្រើន រួមទាំងការផ្គូរផ្គងអាជីវកម្ម និងការណែនាំអតិថិជនសក្តានុពលទៅកាន់ធនាគារ។ក្នុងទ្រង់ទ្រាយធំ ភាពជាដៃគូនេះនឹងរួមចំណែកដល់ការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃភាពជាសហគ្រិនរបស់កម្ពុជាតាមរយៈការជំរុញការអភិវឌ្ឍសមត្ថភាពអាជីវកម្ម និងការពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ។ ទាំងនេះជាការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
លើសពីនេះ កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយនៃស្ថាប័នទាំងចូលរួមទាំងអស់ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគឆ្លងប្រទេស បង្កើតឱកាសសម្រាប់ធុរកិច្ច សហគ្រិន និងវិនិយោគិនដើម្បីភាពរីកចម្រើនក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលមានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង។ អ្វីដែលកាន់តែសំខាន់គឺភាពជាដៃគូនេះ បានពង្រឹងតួនាទីជាយុទ្ធសាស្រ្តរបស់ធនាគារ ហត្ថា និងធនាគារ MUFG ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការ។
* អំពីធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មជាង៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។
សូមបញ្ជាក់ថា ធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល៦ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាភាគទុនិករបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕