(បរទេស)៖ ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន គ្រឿងអេឡិចត្រូនិក និងបន្ទះឈីបមេម៉ូរីលំដាប់កំពូលរបស់ពិភពលោកនោះ បានប្រកាសពីការកាត់បន្ថយបុគ្គលិកសលករបស់ខ្លួនរហូតដល់ ៣០%។ Samsung ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង បានណែនាំក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទូទាំងពិភពលោក ឱ្យកាត់បន្ថយបុគ្គលិកផ្នែកលក់ និងទីផ្សារប្រហែល ១៥% និងបុគ្គលិករដ្ឋបាលរហូតដល់ ៣០%។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឲ្យដឹងថា ផែនការកាត់បន្ថយបុគ្គលិកនេះនឹងត្រូវអនុវត្តនៅចុងឆ្នាំ២០២៤នេះ ហើយនឹងប៉ះពាល់ដល់ការងារនៅទូទាំងអាមេរិក អឺរ៉ុប អាស៊ី និងអាហ្វ្រិក។ ទោះយ៉ាងណាក៏ដោយ នៅមិនច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់នឹងរងផលប៉ះពាល់ពីការកាត់បន្ថយការងារនៅពេលនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Samsung បាននិយាយថា ការកែសម្រួលកម្លាំងពលកម្មដែលធ្វើឡើងនៅប្រតិបត្តិការក្រៅប្រទេសមួយចំនួនគឺបានកើតឡើងជាទម្លាប់ទៅហើយ ហើយមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ។
ក្រុមហ៊ុន Samsung មានបុគ្គលិកសរុបចំនួន ២៦៧,៨០០ នាក់គិតត្រឹមដំណាច់ឆ្នាំ២០២៣ ហើយជាងពាក់កណ្តាល ឬស្មើនឹង ១៤៧,០០០នាក់ ជាបុគ្គលិកមានមូលដ្ឋាននៅក្រៅប្រទេស។ បុគ្គលិកសរុបដែលអាចនឹងត្រូវចាកចេញពីក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសឥណ្ឌាអាចកើនដល់ ១,០០០នាក់ ខណៈ Samsung មានបុគ្គលិកប្រហែល ២៥,០០០នាក់នៅក្នុងប្រទេសឥណ្ឌា។ នៅក្នុងប្រទេសចិន ក្រុមហ៊ុន Samsung បានជូនដំណឹងដល់បុគ្គលិករបស់ខ្លួនអំពីការកាត់បន្ថយការងារនេះ ដែលត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់បុគ្គលិកប្រហែល ៣០% នៅក្នុងប្រតិបត្តិការលក់របស់ខ្លួន។
យ៉ាងណាមិញ សម្រាប់ការកាត់បន្ថយការងារនៅពេលនេះ ក្រុមហ៊ុន Samsung មិនបានបញ្ជាក់ពីមូលហេតុច្រើនឡើយ ខណៈប្រភពបានអះអាងថា ការកាត់បន្ថយការងារបានកើតឡើងនៅពេលដែលក្រុមហ៊ុន Samsung ទទួលរងសម្ពាធកាន់តែខ្លាំងពីដៃគូប្រកួតប្រជែង ពោលគឺប្រតិបត្តិការតាមទាន់គូប្រជែង ពាក់ព័ន្ធការផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំកម្រិតខ្ពស់ជាដើម៕