(បរទេស)៖ ត្រកូល iPhone 16, iPhone 16 Plus, iPhone 16 Pro, និង iPhone 16 Pro Max ដែលទើបតែប្រកាសបង្ហាញថ្មីៗនេះ ត្រូវបានរាយការណ៍មកថា មានអេក្រង់បំពាក់ដោយស្រទាប់សេរ៉ាមិកជំនាន់ថ្មី ដែលជាកញ្ចក់និងសេរ៉ាមិកប្រភេទ Hybrid ជួយការពារអេក្រង់របស់ iPhone រហូតដល់ ៥០% ដោយសារភាពរឹងរបស់វា។
ក្រុមហ៊ុន Apple ក៏បានឲ្យដឹងដែរថា ស្រទាប់សេរ៉ាមិកជំនាន់ថ្មីរបស់ខ្លួនមានលក្ខណៈពិសេសបំផុត ព្រោះវាមានភាពរឹងជាងម៉ូដែលមុនៗរហូតដល់ ៥០ភាគរយ ។ ត្បិតថា Apple នៅមិនទាន់ចេញមកបញ្ជាក់ច្បាស់ពីរឿងនេះក៏ដោយ ស្មាតហ្វូនជំនាន់ថ្មីត្រកូល iPhone 16 នេះ ត្រូវបានគេជឿជាក់ថា នឹងមានភាពរឹងមាំខ្លាំងជាងមុន ដោយសារតែនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មវីដេអូកន្លងមក មានការបញ្ជាក់ច្បាស់ថា ក្រុមហ៊ុននេះ បានធ្វើការយកចិត្តទុកដាក់ខ្លាំងមែនទែនទៅលើការធ្វើតេស្តភាពធន់។
គួរជម្រាបថា Apple បានចាប់ផ្តើមប្រើប្រាស់សម្ភារៈស្រទាប់សេរ៉ាមិកលើអេក្រង់ជាលើកដំបូងក្នុងឆ្នាំ២០២០ លើម៉ូដែល iPhone 12 ហើយនៅពេលនោះ Apple បាននិយាយថា វាត្រូវបានបង្កើតឡើងដោយភាពជាដៃគូជាមួយ Corning ។ Corning ផលិតកញ្ចក់ Gorilla Glass ដែលគូប្រជែង Apple ដូចជា Samsung ប្រើ រួមទាំង «Gorilla Armor» ថ្មីដែល Samsung បញ្ចូលសម្រាប់ Galaxy S24 Ultra ប៉ុន្តែកញ្ចក់សេរ៉ាមិច ហាក់ដូចជា Apple ផ្តាច់មុខទៅហើយ៕