(ភ្នំពេញ)៖ សហព័ន្ធកីឡារាំកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមធ្យម រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២-១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីពង្រីកការយល់ដឹង និងជំរុញការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន។

លោក ប៉ិច ប៉ូឡែន អនុប្រធានសហព័ន្ធ បានថ្លែងក្នុងពិធីបើកវគ្គ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា កីឡារាំកម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលមួយ ដែលត្រូវអភិវឌ្ឍច្រើនបន្ថែម មជ្ឈដ្ឋានក្នុងប្រទេសមិនសូវបានស្គាល់ទូលំទូលាយ ភាគច្រើនដឹងត្រឹមរាំ គ្រាន់តែជាផ្នែកមួយនៃសិល្បៈ តែមិនសូវដឹងទេថា រាំក៏ជាកីឡាមួយប្រភេទ ដែលទាមទារឲ្យមានការហ្វឹកហាត់ស្របតាមស្ដង់ដារ និងចូលរួមប្រកួតប្រជែងលើឆាកជាតិ-អន្ដរជាតិ ដូចប្រភេទកីឡាដទៃទៀតដែរ។

តាមរយៈនេះ ទើបសហព័ន្ធតែងរៀបចំនូវវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ដើម្បីលើកកម្ពស់ការយល់ដឹង ពិសេសផ្នែកធនធានគ្រូបង្វឹកឲ្យមានជំនាញវិជ្ជាជីវៈគ្រប់គ្រាន់ សម្រាប់ចូលរួមចែករំលែក និងបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីថ្មីៗឲ្យបានច្រើន សម្រាប់បន្ដវេនក្នុងដំណើរឆ្ពោះទៅចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ។ លើសពីនេះ លោកក៏បានស្នើឲ្យវិស័យឯកជន ឬក្រុមហ៊ុននានា ចូលរួមឧបត្ថម្ភគាំទ្រដល់កីឡារាំនេះផងដែរ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួម ២៦នាក់។ វគ្គនេះ ពិតជាមានសារៈសំខាន់ ក្នុងការឆ្លើយតបតម្រូវការជាក់ស្ដែង ដែលសហព័ន្ធកំពុងត្រូវការ គឺគ្រូបង្វឹក សម្រាប់ចូលរួមអភិវឌ្ឍន៍វិស័យកីឡារាំកម្ពុជាឲ្យកាន់តែរីកចម្រើន។ ដូច្នេះលោកស្រីសង្ឃឹមថា រយៈពេលជិត ១សប្ដាហ៍នេះ នឹងក្លាយជាឱកាសដ៏ល្អ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងថ្មីៗដល់គ្រូបង្វឹក សម្រាប់ធ្វើជាដើមទុនទៅបង្ហាត់កីឡាករ-កីឡាការិនី នៅតាមក្លិប ឬមូលដ្ឋានរបស់ខ្លួន។

គួរដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យមនេះ នឹងផ្ដោតលើមូលដ្ឋានគ្រឹះ នៃជំនាញសិល្បករ អាជីព និងកីឡា យុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយពង្រីកសក្ដានុពល ប្រជាប្រិយភាពរបស់សិល្បករដោយខ្លួនឯង គោលការណ៍បច្ចេកទេសតិចនិចក្បាច់ឡាទីន គរុកោសល្យគ្រូបង្វឹក សារៈសំខាន់ការចូលរួមប្រកួត ច្បាប់ប្រកួត WDS anti-dopping ការហ្វឹកហាត់កាយសម្បទា និងការតេស្ដបច្ចេកទេស និងបទបញ្ជាប្រកួតជាដើម៕