(សៀមរាប)៖ និស្សិត និងសហគមន៍ នៃគម្រោងយុវជនចូលរួមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ជីវចម្រុះ» នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីការងារគ្រប់គ្រងព្រៃឈើ និងជីវចម្រុះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានធ្វើបទបង្ហាញត្រួសៗពីការងារគ្រប់គ្រងព្រៃឈើ និងការអភិរក្សជីវៈចម្រុះមួយចំនួន នៅតំបន់រមណីយដ្ឋានអង្គរ។ល។ បន្ទាប់ពីនោះសាស្រ្តាចារ្យ និស្សិត និងសហគមន៍សរុបជិត២០រូប បានធ្វើដំណើរទៅមើលទីតាំងមួយចំនួន ដូចជា ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ការដំឡើងរន្ទាសម្រាប់កាត់ក្រីមែកឈើធំៗខាងលិចប្រាសាទបាភួន។
សូមបញ្ជាក់ថា ទស្សនកិច្ចខាងលើនេះធ្វើឡើងនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងបំណងផ្តល់ចំណេះដឹងដល់និស្សិត និងសហគមន៍អំពីព្រៃឈើ និងជីវចម្រុះនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាទទួលបានបទពិសោធន៍ល្អៗលើការងារព្រៃឈើ និងបរិស្ថានពីអាជ្ញាធរជាតិអប្សរា៕