(ឡុងដ៏)៖ អតីតខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មានផ្តាំផ្ញើទៅកាន់អតីតក្លិប Manchester United «ត្រូវតែមានការកសាងពីក្រោមឡើងលើមកវិញនូវអ្វីគ្រប់យ៉ាង ប្រសិនបើក្លិបចង់ប្រកួតប្រជែងដណ្តើមពានរង្វាន់លំដាប់កំពូលម្តងទៀត ។ នេះបើតាមប្រភពពី Reuters បានឱ្យដឹងនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងកិច្ចសម្ភាសន៍របស់ Rio Ferdinand នៅក្នុងកម្មវិធី (Podcast) តារាងជើងស៊ុតកំណត់ត្រាច្រើនជាងគេនៅលីគអឺរ៉ុប Ronaldo បាននិយាយថា គាត់ពិតជាមានការសប្បាយចិត្ត នឹងរបៀបគ្រប់គ្រងក្លិប ដែលស្ថិតក្រោមការដឹកនាំដោយមហាសេដ្ឋីលោក Jim Ratcliffe ដែលកំពុងវិនិយោគ។

Ronaldo បន្តថា «ពួកគេត្រូវសាងសង់ឡើងវិញនូវអ្វីៗគ្រប់យ៉ាង, បើក្នុងគំនិតខ្ញុំ ក្លិបត្រូវការពេលវេលាដើម្បីកសាងឡើងវិញ ព្រោះនៅតែជាក្លិបល្អបំផុតមួយក្នុងពិភពលោក ប៉ុន្តែត្រូវការផ្លាស់ប្តូរ ពួកគេត្រូវយល់ថានេះជាវិធីតែមួយគត់ បើមិនដូច្នេះទេ មិនអាចប្រកួតប្រជែងបានទេ» ។

ក្នុងនោះ ការលើកឡើងពីអ្នកចាត់ការក្រុមបិសាចក្រហមវិញ Ronaldo បាននិយាយថា លោក Erik Ten Hag គួរតែពឹងផ្អែកនៅលើការធ្វើការរួមគ្នាជាមួយលោក Ruud van Nistelrooy ដែលកំពុងធ្វើជាជំនួយការ ក៏ព្រោះតែអតីតខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះ ស្គាល់ពីក្លិប ស្គាល់ពីអ្នកគាំទ្រ ប្រសិនគ្រូបង្វឹកស្តាប់គាត់ «ខ្ញុំគិតថាអាចកែលម្អក្លិបបានបន្តិច»

ការលើកឡើងពីក្លិប លោកនិយាយថា «គ្មានការវិវត្តន៍នោះទេ បន្ទាប់ពីការចូលនិវត្តន៍របស់លោក Sir Alex Ferguson ក្នុងឆ្នាំ២០១៣» ។ ដែលគិតចាប់តាំងពីពេលនោះមក ក្លិបមិនបានឈ្នះពាន Premier League នោះទេ ។

ខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិព័រទុយហ្គាល់វ័យ ៣៩ឆ្នាំរូបនេះ ក៏បានបង្ហាញថា នៅតែមានចិត្តស្រលាញ់ក្លិបនេះ ក្នុងនាមធ្លាប់ជាសមាជិកម្នាក់រួមចំណែកជួយក្លិបឈ្នះពានរង្វាន់ធំៗ ដូចជាពាន Premier League ចំនួន ៣លើក, ពានលីគអឺរ៉ុប UEFA Champions League និងពានរង្វាន់ FIFA Club World Cup នៅពេលរួមដំណើរជាមួយតាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០០៩ មុនពេលចេញទៅកាន់ Real Madrid ។

សូមជម្រាបផងថា ខ្សែប្រយុទ្ធ Ronaldo បានសម្រេចចូលរួមជាមួយក្លិបនៅលីគអារ៉ាប៊ីសាអូឌីត Al-Nassr បន្ទាប់ពីវិលមកពីក្លិប Juventus មកកាន់បិសាចក្រហមវិញ នឹងលេងបាន ១រដូវកាល២០២១-២២ ហើយរដូវកាលថ្មីនេះ Man United ទើបឈ្នះតែ ១ប្រកួត ក្នុងចំណោម ៣ប្រកួតដំបូង នឹងរដូវកាលមុនបញ្ចប់នៅលេខរៀងទី៨​ ៕