(បរទេស)៖ ក្រុមហ៊ុន Amazon Web Services (AWS) ដែលក្រុមហ៊ុនផ្តល់សេវាកម្ម Cloud Computing និងជាបុត្រសម្ព័ន្ធរបស់មេធំ Amazon នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសពីផែនការវិនិយោគប្រមាណ ១.៨ពាន់លានដុល្លារនៅក្នុងប្រទេសប្រេស៊ីលគិតត្រឹមឆ្នាំ២០៣៤ ដើម្បីពង្រីកប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ក្រុមហ៊ុន AWS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ធនធាននេះនឹងត្រូវបានប្រើដើម្បី«ពង្រីក, បង្កើត, តភ្ជាប់, ប្រតិបត្តិការ និងថែទាំមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសប្រេស៊ីល»។ នៅក្នុងសេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ការវិនិយោគនេះគឺបន្ថែមពីលើ ៣.៤ពាន់លានដុល្លារ ខណៈដែល AWS បានអះអាងថា ខ្លួនបានវិនិយោគរួចទៅហើយនៅក្នុងប្រទេសប្រេស៊ីល និងទូទាំងអាមេរិកឡាទីននៅចន្លោះឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២៣ ពោលគឺចាប់តាំងពីក្រុមហ៊ុននេះឈានជើងចូលប្រទេសប្រេស៊ីលជាលើកដំបូង។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតផ្សេងទៀតក្រុមហ៊ុនផ្តល់សេវា Cloud Computing ដ៏លេចធ្លោនេះនៅមិនទាន់បង្ហាញលម្អិតនៅឡើយនោះទេ។
គួរជម្រាបដែរថា នាពេលថ្មីនេះមេធំ Amazon ក៏បានប្រកាសបោះទុនប្រមាណ ១០.៤៥ពាន់លានដុល្លារនៅចក្រភពអង់គ្លេសផងដែរដើម្បីសាងសង់, ប្រតិបត្តិការ និងថែទាំមជ្ឈមណ្ឌលទិន្នន័យ និងជួយផ្តល់ការងារជាង ១៤,០០០កន្លែងដល់ប្រជាជននៅទីនោះ៕