(ភ្នំពេញ)៖ ក្លឹបហាត់ប្រាណ Natura Fitness Center បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ បុរី ទីលាង ក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ក្នុងនោះ Natura Fitness Center នឹងបើកសាខាទី២ នៅក្នុងគម្រោងបុរី ទីលាង ដែលជាទីតាំងមានសក្តានុពលខ្លាំង នៅក្នុងខណ្ឌដង្កោ នាពេលឆាប់ៗនេះ ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋនៅក្នុងគម្រោង និងនៅជុំវិញគម្រោង បុរី ទីលាងផងដែរ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានធ្វើឡើងនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅក្លឹបហាត់ប្រាណ Natura Fitness Center ក្រោមវត្តមានលោក ហ៉ឹម សាលី នាយកប្រតិបត្តិក្លឹបហាត់ប្រាណ Natura Fitness Center និងលោក ថូវ គឹមសត់ ប្រធានផ្នែកលក់ និងផ្សព្វផ្សាយរបស់ បុរី ទីលាង រួមទាំងមានអ្នកចូលរួមជាង១០០នាក់ មានអាសយដ្ឋាន ផ្ទះលេខ 42 ផ្លូវ 430 សង្កាត់ទំនប់ទឹក ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ផ្លូវខាងក្រោយមន្ទីរពេទ្យរុស្ស៊ី)។
នាឱកាសនោះលោក ហ៉ឹម សាលី បានឱ្យដឹងថា មកដល់ពេលនេះក្លឹបហាត់ប្រាណ Natura Fitness Center ទើបតែមានអាយុកាល ៦ខែប៉ុណ្ណោះ តែមានអតិថិជនគាំទ្រច្រើនលើសពីការរំពឹងទុក ដូចនេះហើយ ក្លឹបហាត់ប្រាណ Natura Fitness Center និងNatura កាហ្វេ សម្រេចបើកសាខាទី២ជាបន្តទៀត ដែលបានជ្រើសរើសទីតាំងនៅក្នុងគម្រោងបុរី ទីលាង នាពេលឆាប់ៗនេះ ដែលជាទីតាំងកំពុងមានសក្តានុពលខ្លាំង ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋនៅក្នុងគម្រោងបុរី ទីលាង និងប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់គម្រោងបុរី ទីលាងផងដែរ។
ដើម្បីអបអរសាទរក្នុងឱកាសកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ក្លឹបហាត់ប្រាណ Natura Fitness Center និងបុរី ទីលាង លោក ហ៉ឹម សាលី បានបន្ថែមថា ក្លឹបក៏បានផ្តល់ការដូរពិសេសជូនលោក/លោកស្រី នៅថ្ងៃនេះផងដែរ ជាមួយការចូលជាសមាជិកបង់មួយឆ្នាំតែ $150 តែប៉ុណ្ណោះ។
លោក ថូវ គឹមសត់ បានឱ្យដឹងដែរថា គម្រោងក្នុងបុរី ទីលាង បណ្តុះទៅដោយប្រភេទអាជីវកម្មជាច្រើន ដោយអតិថិជនមានការជឿជាក់ និងទំនុកចិត្តក្នុងគម្រោងបុរី ទីលាង ដូចនេះហើយនាពេលដ៏ខ្លីខាងមុខនឹងមានអាជីវកម្មជាច្រើនប្រភេទកើតឡើងនៅក្នុងបុរី ទីលាង ដូចជានៅខាងក្រោយបុរី ទីលាង ជាតំបន់សេដ្ឋកិច្ចឧស្សាហកម្ម ២០ហិកតា ហើយក៏មានសាលារៀន ដែលជាដៃគូរសហការ ដោយសាលាក៏បានវិនិយោគអគារ សិក្សាបន្ថែមទៀតរហូតដល់ ១៨ល្វែង ទាំងនេះដោយសារតែការជឿជាក់ នៅក្នុងគម្រោងបុរី ទីលាង។ ក្រៅពីនេះក៏មានក្លឹបហាត់ប្រាណ ស្ទីម សូណា ផ្សារទំនើប ហាងការហ្វេ ម៉ាត សាឡន ផងដែរ។
លោក ថូវ គឹមសត់ បានបន្ថែមថា នៅក្នុងក្នុងឱកាសនេះសម្រាប់ភ្ញៀវដែលបានចូលរួមថ្ងៃនេះនឹងទទួលបានការដូរពិសេសផ្ទះអាជីវកម្មតម្លៃពេញ ១៤ម៉ឺនជាង នៅសល់ត្រឹមតែ $105,000 ចំនួន៣ផ្ទះតែប៉ុណ្ណោះ ផុតកំណត់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤៕