(ភ្នំពេញ)៖ សាលាអន្តរជាតិមែនន័រ (Manner International School) ដែលជាសាលាចំណេះដឹងទូទៅបានសម្រេចបញ្ចូលសិក្សាវិធីថ្មីមួយទៀត គឺកម្មវិធីសហគ្រិនភាពសម្រាប់កុមារ (KidsMBA) ដើម្បីរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាល ក្នុងការបណ្តុះជំនាញសហគ្រិនភាពដល់សិស្សានុសិស្សនៅកម្ពុជា ក្នុងគោលដៅជំរុញឱ្យពួកគេក្លាយជាសហគ្រិនភាពដ៏ឆ្នើមនាពេលខាងមុខ។
ការបញ្ចូលកម្មវិធីសិក្សា ABE-KidsMBA-UK នៅសាលាអន្តរជាតិមែនន័រនេះ បន្ទាប់ពីសាលាអន្តរជាតិមែនន័រ បានចុះកិច្ចព្រមព្រៀងទទួលសិទ្ធ ជាមួយ ABE Global នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ ដែលធ្វើឱ្យសាលាអន្តរជាតិមែនន័រ គឺជាសាលាតែមួយគត់នៅកម្ពុជា ដែលទទួលបានការអនុវត្តកម្មវិធីសិក្សា ABE-KidsMBA នេះ។
លោក រឿន ចន្ថា ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិមែនន័រ បានឱ្យដឹងថា កម្មវិធីសិក្សា ABE គឺជាកម្មវិធីដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស។ ការបង្កើតកម្មវិធីនេះឡើងគឺដើម្បីបង្រៀនដល់សិស្សានុសិស្សដែលមានអាយុចាប់ពី១១ឆ្នាំឡើងទៅ ឱ្យពួកគេមានបំនិនក្នុងការសរសេរគម្រោងអាជីវកម្ម។
លោកបានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានសិទ្ធ ពី ABE Global សាលាអន្តរជាតិមែនន័រ នឹងដាក់បញ្ជូលកម្មវិធីសិក្សានេះ ចាប់ឆ្នាំសិក្សា ២០២៤-២០២៥ តទៅ សម្រាប់សិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដើម្បីជំរុញឱ្យពួកគេក្លាយជាសហគ្រិនភាពដ៏ឆ្នើមនាពេលខាងមុខ ក៏ដូចជាក្លាយជាបុគ្គលិកឆ្នើមនៅក្នុងក្រុមហ៊ុនដែលមានគំនិតក្នុងការបង្កើតថ្មី។
លោកបន្ថែមថា តាមរយៈការដាក់បញ្ចូលកម្មវិធីសិក្សាABE នេះ នឹងជំរុញឱ្យសិស្សានុសិស្សរបស់ សាលាអន្តរជាតិមែនន័រ កាន់តែពេញចិត្តក្នុងការសិក្សារៀនសូត្រ ព្រមទាំងទទួលបានការគាំទ្រពីអាណាព្យាបាល និងមាតាបិតាសិស្ស ព្រោះនេះគឺជាឱកាសល្អមួយដ៏កម្រ សម្រាប់ការអភិវឌ្ឍន៍សមត្ថភាពចាប់ពីកម្រិតមធ្យមសិក្សា ដើម្បីជាមូលដ្ឋាន ឈានទៅចាប់យកឱកាសសិក្សាបន្ថែមនៅថ្នាក់ឧត្តមសិក្សា ក៏ដូចជាចូលរួមក្នុងអភិវឌ្ឍន៍ប្រទេសជាតិ។
លោក Rob Kindness នាយកផ្នែកលក់នៃ ABE Global ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក, មជ្ឈឹមបូព៌ា, អាហ្រ្វិកខាងជើង និងចក្រភពអង់គ្លេស បានលើកឡើងថា កម្មវិធីសហគ្រិនភាពសម្រាប់កុមារគឺជាកម្មវិធីសិក្សាដែលមានសារៈប្រយោជន៍ណាស់សម្រាប់កុមារ។ តាមរយៈកម្មវិធីនេះ នឹងបង្រៀនកុមារនូវជំនាញអាជីវកម្មជាមូលដ្ឋាន ដែលពួកគេនឹងត្រូវការនៅពេលពួកគេបញ្ចប់ការសិក្សា និងចាប់ផ្តើមអាជីពឬការបំពេញការងារ។ កម្មវិធីនេះនឹងបង្រៀនកុមារនូវផ្នែកជំនាញទន់សំខាន់ៗមួយចំនួនដូចជា ផ្នែកស្ថិតិ ការដោះស្រាយបញ្ហា ការចរចា និងការសហការជាមួយដៃគូរជាដើម។ ហើយក៏នឹងជួយកុមារ ឱ្យពួកគេគិតប្រកបដោយភាពច្នៃប្រឌិត ដើម្បីសហការជាមួយមិត្តភ័ក្តិ។
លោកបានឱ្យដឹងថា «កម្មវិធី ABE ត្រូវបានទទួលស្គាល់ និងមានសាខាដៃគូរជាច្រើននៅទ្វីបអឺរ៉ុប ប្រទេសក្នុងទ្វីបអាហ្រ្វិកនិងនៅឥណ្ឌា។ ហើយជាការពិតណាស់ឥឡូវនេះនៅអាស៊ីអាគ្នេយ៍ ខ្ញុំពិតជាមានមោទនភាពណាស់ដែលសាលាអន្តរជាតិមែនន័រ គឺជាសាលាដំបូងគេក្នុងប្រទេសកម្ពុជាដែលបើកដំណើរការ ABE Endored kidMBA»។
សាលាអន្តរជាតិមែនន័រ មានទីតាំងស្ថិតនៅ អគារ91C ផ្លូវ 99B ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សាលាអន្តរជាតិនេះ បាននិងកំពុងរៀបចំសាខាទី២ ដែលនឹងទទួលចុះឈ្មោះចូលរៀនចាប់ពីខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ បន្ទាប់ពីទទួលបានគាំទ្រ ទំនុកចិត្ត និងភាពជឿជាក់យ៉ាងខ្លាំងសំណាក់ពីមាតា បិតា និងអ្នកអាណាព្យាបាល។
សាលាអន្តរជាតិមែនន័រផ្តល់កម្មវិធីសិក្សា៣ភាសាក្នុងពេលតែមួយ (Trilingual Education) ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដោយផ្តោតទៅលើបំណិនសតវត្សរ៍ទី២១ ពង្រឹងវិន័យជាដាច់ខាត និងបណ្តុះឥរិយាបថ និងភាពជាពលរដ្ឋល្អ។ គោលបំណងរួមរបស់សាលាអន្តរជាតិមែនន័រគឺបណ្តុះកុមារឱ្យក្លាយជាពលរដ្ឋដ៏ល្អ ឆ្លាតវៃ និងពូកែ ពិតប្រាកដ (Cultivating good and smart citizens)។
សូមបញ្ជាក់ថា សិស្សានុសិស្សសិក្សានៅសាលាអន្តរជាតិមែនន័រនឹងទទួលបានសញ្ញាបត្រធំៗ ចំនួន៤ បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ (មធ្យមសិក្សាទុតិយភូមិ) រួមមាន៖
១.សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
២.សញ្ញាបត្រផ្នែកភាសាអង់គ្លេសរបស់ Cambridge
៣.សញ្ញាបត្រផ្នែកភាសាចិនស្តង់ដាអន្តរជាតិ (Chinses Proficiency Test-HSK)
៤.សញ្ញាបត្រផ្នែកសហគ្រិនភាពកុមារ របស់ចក្រភពអង់គ្លេស (ABE Global)
ព័ត៌មានបន្ថែមសូមទំនាក់ទំនង ទូរស័ព្ទលេខ 017 404 098 (Telegram) / 098 808 850 ៕