(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានប្រកាសបញ្ចប់កិច្ចសន្យាជាមួយលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាហើយ ក្រោយដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អប្រសើររយៈពេលជិត ១ឆ្នាំកន្លះកន្លងមក។
យោងតាមប្រកាសលើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធបានបញ្ជាក់ថា «គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix G.Dalmas ចាប់ពីពេលនេះតទៅ»។
«សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក Félix Dalmás សម្រាប់ការខិតខំប្រឹងប្រែង ចូលរួមចំណែកជាមួយក្រុមជម្រើសជាតិកម្ពុជានាពេលកន្លងមក ពោលគឺចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ នេះ។ សូមជូនពរលោក Félix Dalmás ជួបតែភាពជោគជ័យ ល្អប្រសើរសម្រាប់ការងារបន្តរបស់ខ្លួននាថ្ងៃខាងមុខ»។
ការប្រកាសចែកផ្លូវនេះដែរ ស្របពេលលោក Felix Dalmas ទើបដឹកនាំក្រុមគោព្រៃកម្ពុជា ធ្លាក់ត្រឹមវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2027 ក្រោយចាញ់ក្រុមជម្រើសជាតិស្រីលង្កា ដោយការទាត់បាល់ប៉េណាល់ទី ៤-២ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ២-២។ ការបរាជ័យនេះ បានធ្វើឲ្យអ្នកគាំទ្រមានការមិនពេញចិត្តជាខ្លាំង ដ្បិតការប្រកួតជម្រុះបឋម FIFA World Cup 2026 កម្ពុជាក៏ធ្លាក់ត្រឹមវគ្គជម្រុះបឋមផងដែរ ដែលនាំឲ្យអ្នកគាំទ្រមួយចំនួន ស្នើឲ្យមានការផ្លាស់ប្ដូរគ្រូបង្វឹកថ្មី។
នេះជាលើកទី២ ហើយ ដែលសហព័ន្ធបានចែកផ្លូវជាមួយគ្រូបង្វឹកជនជាតិអាហ្សង់ទីនខាងលើ ដ្បិតលើកទី១ លោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមគ្រូបង្វឹក កំឡុងពេលលោក Keisuke Honda ជាអ្នកចាត់ការទូទៅ កាលពីចន្លោះឆ្នាំ២០១៨-២០២០។ គ្រានោះ លោកធ្លាប់បានបង្កើតកំណត់ត្រាថ្មីៗឲ្យវិស័យបាល់ទាត់កម្ពុជា ដោយបានដឹកនាំក្រុមកម្ពុជា ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U22 LG Cup 2019 និងការបើកទំព័រប្រវត្តិសាស្ដ្រ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនតែម្ដង៕