(បរទេស)៖ កន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ពីក្រុមហ៊ុន Qualcomm នៅឆ្នាំ២០២៥ ខាងមុខនេះ ហើយប្តូរទៅប្រើម៉ូដឹមផ្ទាល់ខ្លួនជំនួសវិញ។ ប៉ុន្តែតាមរយៈព្រឹត្តិការណ៍ប្រកាសបង្ហាញផលិតផលថ្មីរបស់ក្រុមហ៊ុនអាមេរិកដ៏ធំនេះ បង្ហាញថាវាមិនបានប៉ះពាល់ដល់ត្រកូល iPhone 16 នោះទេ ពោលគឺនៅតែប្រើម៉ូដឹមរបស់ Qualcomm ដដែល ហើយតាមរយៈការធ្វើតេស្តបង្ហាញថា iPhone 16 Pro/ Pro Max ឆ្នាំនេះទទួលបានល្បឿនទាញយក (ឬ download) 5G រហូតដល់ ២៦ភាគរយឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
យោងតាមទិន្នន័យដែលប្រមូលដោយកម្មវិធី SpeedSmart បានឱ្យដឹងថា iPhone 16 Pro និង iPhone 16 Pro Max ត្រូវបានបំពាក់ដោយម៉ូដឹម Snapdragon X75 ជំនាន់ថ្មី ខណៈដែល iPhone 15 Pro និង iPhone 15 Pro Max ត្រូវបានបំពាក់ដោយម៉ូដឹម Snapdragon X70។ តាមរយៈការធ្វើតេស្តជាលើកដំបូងបានបង្ហាញថា iPhone 16 Pro/ Pro Max មានសមត្ថភាពទាញយកលឿនជាងមុនរហូតដល់ ២៦ភាគរយ។ ក្រៅតែពីការបង្កើនល្បឿនទាញយក ម៉ូដឹម Snapdragon X75 ក៏បានបង្កើនល្បឿន Upload ផងដែល ខណៈទិន្នន័យបង្ហាញថា វាលឿនជាងមុនប្រហែល ២២.១ភាគរយឯណោះ ដែលបណ្តាលឱ្យល្បឿន Upload ជាមធ្យមលើសពី 30 Mbps (៣០ មេហ្គាបៃក្នុងមួយវិនាទី) នៅទូទាំងបណ្តាញធំៗរបស់សហរដ្ឋអាមេរិក រួមមាន AT&T, T-Mobile និង Verizon។ ម៉ូដឹមនេះ គាំទ្រមុខងារ 5G កម្រិតខ្ពស់ និងត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ថាមពលទាប បង្កើនប្រសិទ្ធភាពនៃការតភ្ជាប់ទាំងមូល ជាពិសេសនៅក្នុងតំបន់ដាច់ស្រយាល។
គួរជម្រាបដែរថា Apple នឹងចាប់ផ្តើមដាក់លក់ត្រកូល iPhone 16 ទាំង ៤ម៉ូដែលរបស់ខ្លួននៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ ខណៈការបញ្ជាទិញជាមុន ឬ Pre-Orders នឹងមានចាប់ពីថ្ងៃទី១៦ ខែកញ្ញានេះតទៅ៕