(ម៉ាកសី)៖ លោក Pablo Longoria ប្រធានក្លិបបាល់ទាត់អាជីព Marseille បានថ្លែងថា រូបលោកមិនហ្មងសៅក្នុងចិត្តឡើយ ក្នុងការចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធជួរមុខ Mason Greenwood ពីក្លិបអង់គ្លេស Manchester United។ នេះបើយោងតាមការចេញដោយ BBC នៅថ្ងៃនេះ។
លោកថា «មុនឈានដល់ការចុះកិច្ចសន្យាទិញក្នុងតម្លៃ ២៦.៦លានផោនពី Man Utd ពួកយើងបានពិនិត្យមើលព័ត៌មានគ្រប់ជ្រុងជ្រោយអស់ហើយ ហើយមកដល់ពេលនេះ ក៏គ្មានអ្វីត្រូវសង្ស័យទៀតដែរ»។
ប្រធានក្លិបរូបនេះបានបន្តថា «ដំបូងឡើយ យើងបានជជែកគ្នាជាមួយគ្រូបង្វឹក គឺលោក Roberto de Zerbi មុនឈានដល់ការសម្រេចចិត្តទិញ Greenwood។ គ្រូបង្វឹកបានដឹងច្រើនពីកីឡាករអន្តរជាតិអង់គ្លេសរូបនេះ ដ្បិតកន្លងមកលោកធ្លាប់ដឹកនាំក្លិបនៅអង់គ្លេសដែរ និងមិនស្ទាក់ស្ទើរឡើយ ក្នុងការយកកីឡាករដែលមានទេពកោសល្យ ដូចជា Mason នេះ»។
គួរបញ្ជាក់ផងថា ឆ្លងតាមសមត្ថភាពពិតរបស់កីឡាករដែលទើបជម្រះរឿងអាស្រូវ Mason Greenwood បានជួយ Marseille លេងមិនចាញ់ឡើយនាដើមរដូវកាលថ្មីនេះនៅ Ligue 1 របស់បារាំង តាមរយៈស៊ុតបាន ៥គ្រាប់ ពីការចូលលេង ៣ប្រកួតផងដែរ ដោយឈ្នះពានកីឡាករលេងល្អនាខែសីហា ប្រចាំក្លិបទៀតផង៕