(ឡុងដ៍)៖ ក្លិបបាល់ទាត់អាជីព តោខៀវ Chelsea FC របស់អង់គ្លេស ត្រូវបានគេរាយការណ៍ថា មានការផ្ទេរកីឡាករចេញ រួមទាំងផ្ទេរជាលក្ខណៈខ្ចីជើងផងនោះ មានដល់ទៅ ៤១នាក់ឯណោះ គិតត្រឹមឆ្នាំ២០២៤។ នេះបើយោងតាមការតាមការចេញផ្សាយរបស់គេហទំព័រកីឡា Daily mail នៅថ្ងៃនេះ។
ក្នុងនោះដែរ ការផ្ទេរចេញសំខាន់ៗរួមមាន ខ្សែការពារ Thiago Silva ដ្បិតកិច្ចសន្យាចាស់របស់កីឡាករប្រេស៊ីលរូបនេះ អស់សុពលភាពនៅកីឡដ្ឋាន Stamford Bridge រួមទាំងសមាជិកស្ថិតក្នុងក្រុមជម្រើសដំបូងផ្សេងទៀតមានដូចជា Raheem Sterling, Conor Gallagher, Trevoh Chalobah, Armnado Broja, Kepa Arrizabalaga និង Romelu Lukaku ជាដើម។
ថ្មីៗនេះដែរ ក្លិបមានមូលដ្ឋានប្រចាំទីក្រុង London ប្រទេសអង់គ្លេសមួយនេះ កាន់តែប្រកៀកក្នុងការផ្ទេរកីឡាករ David Datro Fofana ជាលក្ខណៈខ្ចីជើងទៅកាន់ក្លិប AEK Athens មុនពេលទីផ្សារដោះដូរកីឡាករនៅប្រទេសក្រិចបិទទ្វារនៅថ្ងៃពុធ។
តោខៀវ Chelsea ដែលកំពុងស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មី លោក Enzo Maresca ពុំទាន់មានទម្រង់លេងល្អនៅឡើយទេ ដ្បិតឆ្លងកាត់ ៣ប្រកួតក្នុងលីគ Premier League ទទួលបានលទ្ធផលឈ្នះ១ ស្មើ១ និងចាញ់១ និងបានចាញ់ក្រុម Servette របស់ស្វីស ២-១ ពីការលេងជម្រុះ Europa Conference League ក្រៅដីរបស់ពួកគេថែមទៀតផង៕