(វ៉ាស៊ីនតោន)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់អាម៉េរិក (NHTSA) បានបើកការស៊ើបអង្កេតបឋមមួយ លើរថយន្តអគ្គិសនីមួយចំនួន ដែលផលិតឡើងដោយក្រុមហ៊ុនវៀតណាម VinFast ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ថា ប្រព័ន្ធជំនួយរក្សាក្នុងគន្លង (Lane Keep Assist System) ដំណើរការមិនត្រឹមត្រូវ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ការស៊ើបអង្កេតបានធ្វើឡើងលើរថយន្ត VinFast ប្រមាណ៣,១១៨គ្រឿង បន្ទាប់ពីមានការចោទប្រកាន់ ក្នុង១៤របាយការណ៍ ដោយអ្នកបើកបររថយន្ត VinFast សេរីឆ្នាំ២០២៣ និង២០២៤ ដែលប្រព័ន្ធជំនួយរក្សាក្នុងគន្លង ពិបាកក្នុងការប្រើប្រាស់។ NHTSA បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
ការវាយតម្លៃបឋម នឹងធ្វើឡើងទៅលើវិសាលភាព, ភាពញឹកញាប់ និងភាពធ្ងន់ធ្ងរ នៃបញ្ហាដែលអាចកើតមាន ហើយស្វែងរកដើម្បីកំណត់ថាតើ មានបញ្ហាទាក់ទងនឹងសុវត្ថិភាពនៅក្នុងរថយន្ត ឬយ៉ាងណា។ NHTSA បានឱ្យដឹង។
VinFast ដែលបានចាប់ផ្តើមការលក់រថយន្ត នៅសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០២៣នោះ បានលើកឡើងថា ខ្លួនបានដឹងអំពីការស៊ើបអង្កេត។
«VinFast នឹងសហការពេញលេញ ជាមួយនឹង NHTSA ចំពោះដំណើរការនេះ។ យើងយកចិត្តទុកដាក់ខ្លាំងលើបញ្ហាសុវត្ថិភាព ហើយនឹងបន្តតាមដានស្ថាភាពយ៉ាងជិតស្និទ្ធ», VinFast បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដោយបានបង្ហាញការជឿជាក់របស់ក្រុមហ៊ុន លើស្តង់ដារសុវត្ថិភាពរបស់ខ្លួន៕