(ភ្នំពេញ)៖ សហព័ន្ធកីឡាការ៉ាតេកម្ពុជា នឹងបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីសរុបចំនួន ២០នាក់ ចូលរួមការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ី លើកទី២០ (20th Asian Senior Karate Championship) ចាប់ពីថ្ងៃទី១៩-២២ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នៅទីក្រុង Hangzhou ប្រទេសចិន។
មុនចេញទៅបំពេញបេសកកម្មខាងលើ នៅថ្ងៃទី១២ ខែកញ្ញា ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ដ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធ បានអនុញ្ញាតឲ្យប្រតិភូ និងអត្តពលិកទាំងអស់ ចូលជួបសំណេះសំណាល និងផ្ដាំផ្ញើនូវអនុសាសន៍ណែនាំមួយចំនួន នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឆ្លៀតឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ដ បានរំលេចនូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធ ក្នុងការកៀគរថវិកា ដើម្បីបានបញ្ជូនអត្តពលិកកីឡាការ៉ាតេកម្ពុជា ចេញទៅប្រកួតនៅក្រៅប្រទេស ពិសេសការចូលរួមប្រកួតកីឡារ៉ាតេជើងឯកអាស៊ី លើកទី២០ នៅប្រទេសចិន នាពេលដ៏ខ្លីខាងមុខ ដែលជាឱកាសសម្រាប់កីឡាករ-កីឡាការិនីបង្ហាញ និងវាស់ស្ទង់សមត្ថភាព បន្ទាប់ពីខិតខំប្រឹងប្រែងហ្វឹកហាត់កន្លងមក។
ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់នេះ ឯកឧត្តមបានផ្ដាំផ្ញើនូវការណែនាំ ដែលថ្នាក់ដឹកនាំសហព័ន្ធ ពិសេសឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានសហព័ន្ធ តែងក្រើនរំឮកដល់កីឡាករ-កីឡាការិនីទាំងអស់ មុនចូលរួមការប្រកួតព្រឹត្តិការណ៍អន្ដរជាតិធំៗ ត្រូវរក្សាឲ្យបាននូវសេចក្ដីថ្លៃថ្នូរ គោរពវិន័យ និងបទបញ្ជាការប្រកួត។ ឯកឧត្តមបានលើកឡើងថា ការប្រកួតកីឡា តែងមានឈ្នះ-ចាញ់ តែដាច់ខាតត្រូវគោរពឲ្យបាននូវវិន័យ និងសេចក្ដីថ្លៃថ្នូរក្នុងនាមអត្តពលិកតំណាងឲ្យប្រទេសជាតិទាំងមូល។
លើសពីនេះ កីឡាករ-កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ថែររក្សាសុខភាពឲ្យបានល្អសម្រាប់ការប្រកួត និងត្រូវពង្រឹងឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ព្រោះសាមគ្គីភាព ក៏ជាកត្ដាសំខាន់ ដែលអាចកំណត់នូវជ័យជម្នះផងដែរ។ សម្រាប់ប្រតិភូ គ្រូបង្វឹក និងអាជ្ញាកណ្ដាល ក៏ត្រូវពិនិត្យ និងដកស្រង់បទពិសោធន៍ សម្រាប់ធ្វើការវាយតម្លៃពីចំណុចខ្លាំង និងចំណុចខ្សោយ ក្រោយបញ្ចប់បេសកកម្ម ដើម្បីជំរុញការខិតខំប្រឹងប្រែងបន្ថែម ឆ្ពោះទៅការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម លើកទី៣៣ នៅថៃ នាឆ្នាំ២០២៥ តែម្ដង។ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ដ បានគូសរំលេចបន្ថែម។
លោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធ និងជាប្រធានប្រតិភូ បានឲ្យដឹងថា ក្រុមកីឡាការ៉ាតេកម្ពុជា គ្រោងនឹងចេញដំណើរទៅក្រុង Hangzhou នាសប្ដាហ៍ក្រោយ ដើម្បីចូលរួមព្រឹត្តិការណ៍ Asian Senior Karate Championship) ចាប់ពីថ្ងៃទី១៩-២២ ខែកញ្ញាខាងមុខ។ ព្រឹត្តិការណ៍នេះនឹងមានអត្តពលិកមកពី ៤៥ប្រទេសចូលរួម ក្នុងនោះក៏មានកីឡាករ-កីឡាការិនីកម្ពុជា ១២រូបផងដែរ។ លោកបានចាត់ទុកការចូលរួមនេះ គឺជាឱកាសមួយដ៏សំខាន់ ដើម្បីវាស់ស្ទង់ និងដុសខាតសមត្ថភាពកីឡាករ-កីឡាការិនីត្រៀមការប្រកួតស៊ីហ្គេម។
លោកបន្ដថា «ការចូលរួមនេះ គឺជាឱកាសវាស់ស្ទង់កម្រិតបច្ចេកទេសកីឡាករ-កីឡាការិនីការ៉ាតេរបស់យើង សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ក៏ដូចជាការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។ ដូច្នេះនេះគឺជាការចេញមួយ ដែលយើងចាំបាច់ត្រូវការវាស់ស្ទង់ និងបង្កើននូវសមត្ថភាព នៃកីឡាការ៉ាតេរបស់យើង»។ ម្យ៉ាងក៏ជាការឆ្លើយតបផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ក្នុងការពង្រឹងលទ្ធភាពចេញទៅប្រកួតអន្ដរជាតិឲ្យបានច្រើន ដើម្បីវាស់ស្ទង់ និងដុសខាតសមត្ថភាពឲ្យបានខ្ពស់ ត្រៀមការប្រកួតលក្ខណៈអន្ដរជាតិនានាផងដែរ៕