(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចចេញសេចក្តីប្រកាសពីការតែងតាំងលោក Koji Gyotoku ធ្វើជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្ដោះអាសន្ន បន្ទាប់ពីលោក Felix Dalmas ត្រូវបាន (FFC) សម្រេចបញ្ចប់កិច្ចសន្យាពីតំណែងគ្រូបង្វឹកជាផ្លូវការ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។
បុរសសញ្ជាតិជប៉ុន Koji Gyotoku ក៏កំពុងមានភារកិច្ចដឹកនាំក្រុមគោព្រៃជំទង់កម្ពុជា ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងលោកជាគ្រូបង្គោលផងដែរ ។
លោក Koji Gyotoku ធ្លាប់ដឹកនាំក្រុមជម្រើសជាតិយុវជន U16 និង U19 កម្ពុជា ជាមួយការបង្កើតកំណត់ត្រាថ្មីៗជាច្រើន ពិសេសកំណត់ត្រាចុងក្រោយ ដោយលោកដឹកនាំក្រុម U16 កម្ពុជា លេងមិនស្គាល់ពាក្យថាចាញ់សោះ ក្នុងពូល B នៃពានរង្វាន់ ASEAN U-16 Boys' Championship 2024 នៅឥណ្ឌូនេស៊ី ដោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ តែសោកស្ដាយមិនអាចឡើងវគ្គបន្ដ ។
លោក Koji Gyotoku ក៏នឹងដឹកនាំក្រុមគោព្រៃជំទងកម្ពុជា U20 លេងពានរង្វាន់ AFC U20 Asian Cup China 2025 Qualifiers ដែលឆាយនីសតៃប៉ិ ធ្វើជាម្ចាស់ផ្ទះ ដោយក្រុមជម្រើសជាតិ U20 កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុម U20 អូសបេគីស្ថាន, បារ៉ែន, នេប៉ាល់ និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ។ ចំពោះការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៩ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីស្វែងរកក្រុមឡើងទៅវគ្គបន្ដ នាឆ្នាំ២០២៥ ខាងមុខ៕