(សេអ៊ូល)៖ លោក Yang Jong-hee ប្រធាននាយកប្រតិបត្តិ KB Financial Group និងថ្នាក់គ្រប់គ្រង KB Financial Group ព្រមទាំងថ្នាក់ដឹកនាំ ធនាគារ ខេប៊ីប្រាសាក់ បានទទួលការអនុញ្ញាតពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនានា នៅសណ្ឋាគារ Incheon Inspire Resort នៅទីក្រុង Incheon នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១១ ខែកញ្ញា។
ជំនួបនេះ គឺអំឡុងពេលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ច និងអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី ២៥ នៅប្រទេសកូរ៉េខាងត្បូង។
ក្នុងជំនួបសម្តែងការគួរសមនេះ លោក Yang Jong-hee បានជម្រាបជូនសម្តេចតេជោ ពីស្ថានភាពអាជីកម្មរបស់ធនាគារ ខេប៊ីប្រាសាក់ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ គូកមីន ក្នុងការបន្តផ្ដល់សេវាហិរញ្ញវត្ថុដែលសម្បូរបែបប្រកបដោយបរិយាប័ន្ន និងនវានុវត្តន៍ ព្រមទាំងចូលរួមក្នុងសកម្មភាពការងារសង្គមជាច្រើនដូចជា ការឧបត្ថម្ភកញ្ចប់ថវិកាជូនដល់មូលនិធិអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន, ការជួយសង្គ្រោះកុមារកម្ពុជាតាមរយៈការផ្តល់ការវះកាត់ដល់កុមារដែលមានជំងឺបេះដូង, ការសាងសង់អគារបណ្ណាល័យនិងបន្ទប់រៀនដោយមានបំពាក់សម្ភារៈសិក្សាតាមបទដ្ឋានដែលមាន។
បន្ថែមលើសពីនេះផងដែរ លោកបានថ្លែងបន្តថា KB Financial Group បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយធនាគារជាតិនៃកម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខណៈដែលសម្តេចធិបតីបំពេញទស្សនកិច្ចមកកាន់ប្រទេសកូរ៉េកាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ដើម្បីបង្កើតប្រព័ន្ធទូទាត់ឆ្លងដែនឃ្យូអរកូតរវាងប្រទេសទាំងពីរ ក្នុងគោលបំណងសម្រួលការចាយវាយរបស់ភ្ញៀវទេសចរ និងការទូទាត់ពាណិជ្ជកម្មនានា។ លោកក៏បានជម្រាបបន្ថែមដែរថា ធនាគារ ខេប៊ីប្រាសាក់ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងការងារកម្ពុជា ដើម្បីផ្តល់កម្ចីក្នុងអត្រាការប្រាក់សមរម្យដល់ពលករកម្ពុជាដែលត្រូវទៅធ្វើការនៅក្រៅប្រទេសដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន និងប្រទេសដទៃទៀត។
ជាចុងបញ្ចប់នៃជំនួប លោក Yang Jong-hee បានបន្ថែមថា ធនាគារ ខេប៊ីប្រាសាក់ នឹងអនុវត្តសារាចរណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ ប្រចាំគ្រារបស់អតិថិជន ដែលត្រូវបំពេញកាតព្វកិច្ចសងត្រលប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនលំហូរសាច់ប្រាក់។ លោក ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងក្រុមការងារបានជួបសម្តែងការគួរសមក្នុងឱកាសដែលសម្តេចមានដំណើរទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងសូមគោរពជូនពរសម្តេច ព្រមទាំងគណៈប្រតិភូអមដំណើរទទួលបាននូវសេចក្តីសុខ ជោគជ័យគ្រប់ភារកិច្ច និងរីកចម្រើនជានិរន្តរ៍។
សូមបញ្ជាក់ថា KB Financial Group គឺក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសកូរ៉េ ដែលផ្តល់ជូននូវផលិតផល និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែប។ KBFG ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង ជំរុញកំណើន និងផ្តល់នូវគុណតម្លៃនៅក្នុងបរិយាកាសហិរញ្ញវត្ថុដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ចំណុចខ្លាំងស្នូលគឺជំនាញ ចំនួនអតិថិជនច្រើន បណ្តាញចែកចាយធំទូលាយ និងនាមករណ៍រឹងមាំ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១១ ៕
សម្រាប់ព័ត៌មានបន្ថែម៖ www.kbfg.com