(សៀមរាប)៖ កម្មវិធីអប់រំបេតិកភណ្ឌដល់កុមារ ដែលរួមសហការរវាងអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ នៅសាលាបឋមសិក្សាវត្តលលៃ បានឈានដល់ទីបញ្ចប់សម្រាប់ឆ្នាំ២០២៤។ កម្មវិធីអប់រំបេតិកភណ្ឌនេះ មានរយៈពេល៩ខែដោយចាប់ផ្តើមពី ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ដោយមានសិស្សានុសិស្សចំនួន៦៩នាក់ មកពីថ្នាក់ទី៥ចំនួន១ថ្នាក់ និងថ្នាក់ទី៦ចំនួន១ថ្នាក់ រួមទាំងលោកនាយក និងលោកគ្រូអ្នក-គ្រូទទួលបន្ទុក ថ្នាក់សរុបចំនួន៣នាក់។
កម្មវិធីអប់រំបេតិកភណ្ឌ ផ្តល់ឱកាសឱ្យកុមារដែលកើត និងរស់នៅក្នុងតំបន់រមណីយដ្ឋានវប្បធ៌ម-ប្រវត្តិសាស្ត្រ បានយល់ដឹង នូវកេរមរតកវប្បធ៌មរបស់ខ្លួន ព្រមទាំងបណ្តុះគំនិតកុមារឱ្យជ្រួតជ្រាបពីតម្លៃមរតកវប្បធ៌មទាំងនេះ ឱ្យចេះស្រឡាញ់ ចេះថែរក្សាការពារ ជាពិសេស កុមារទាំងនេះ អាចធ្វើជាគំរូចំពោះសហគមន៍របស់ខ្លួនលើវិស័យថែរក្សា ការពារ និងគ្រប់គ្រងកេរមរតកវប្បធម៌ក្នុងសហគមន៍របស់ខ្លួននាពេលអនាគត។
អញ្ជើញចូលរួមក្នុងឱកាសបិទកម្មវិធីនេះ មានលោក អ៊ុន មណីនីតា នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរ និងតំណាងលោក អ៉ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងតំណាងអាជ្ញាធរមូលដ្ឋានជាច្រើនរូប៕