(ប៉ារីស)៖ ក្លិប Paris Saint Germain នឹងជួបជាមួយអតីតកីឡាករឆ្នើមរបស់ពួកគេ Kylian Mbappe ក្នុងការដោះស្រាយតាមផ្លូវច្បាប់ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបដិសេធនៅសំណើពីស្ថាប័នគ្រប់គ្រងលីគបាល់ទាត់បារាំង (LFP) ក្នុងការសម្របសម្រួលលើវិវាទប្រាក់ឈ្នួល។ នេះបើតាមប្រភពពី Reuters បានឱ្យដឹងនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។
ទាក់ទងទៅនឹងវិវាទប្រាក់ឈ្នួលរវាងក្លិប PSG នឹងខ្សែប្រយុទ្ធ Kylian Mbappe កាលពីថ្ងៃព្រហស្បតិ៍ ក៏បានចេញសេចក្តីណែនាំក្នុងសម្រុះសម្រួលរវាងភាគីទាំងពី ហើយក្នុងនោះក្លិបក៏មានការស្វាគមន៍នៅសំណើរបស់ស្ថាប័ន LFP ផងដែរ តែត្រូវបានប្រធានក្រុមជម្រើសជាតិបារាំង ច្រានចោលទៅវិញ ។
ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយបារាំង បានរាយការណ៍ថា កីឡាករមានវ័យ ២៥ឆ្នាំ Kylian Mbappe មានបញ្ហានេះជាមួយក្លិបកាលពីឆ្នាំមុន បន្ទាប់ពីបដិសេធមិនបន្តកុងត្រា ដែលស្វែងរកនៅតម្លៃប្រមាណ ៦០.៧៣លានដុល្លារ ។
តាមរយៈបញ្ហានេះ គណៈកម្មការក៏បានធ្វើការស្នើឱ្យ Mbappe ចូលរួមជាមួយតុលាការ ឬដោះស្រាយបញ្ហានេះជាមួយក្លិប ដែលរូបគេបានចំណាយពេល ៧រដូវកាលកន្លងមក មុនពេលផ្លាស់ទៅកាន់លីគអេស្ប៉ាញ នៅក្លិបយក្ស Real Madrid កាលពីខែមិថុនា ក្នុងនាមជាកីឡាករមិនមានតម្លៃផ្ទេរ ៕