(បរទេស)៖ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវរបាយការណ៍បង្ហាញថា នៅពេលនេះមានអ្នកតាមដាននៅលើបណ្តាញសង្គមធំៗ ដែលសរុបចូលគ្នាមានប្រមាណជាង ១ពាន់លាននាក់ ហើយបានក្លាយជាប្រវត្តិសាស្ត្រមួយរបស់បុគ្គលល្បីឈ្មោះ ក្នុងការប្រើប្រាសប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានអ្នកតាមដានច្រើន ។
ប្រភពពី Businesday បានបង្ហាញថា ក្នុងបណ្តាញសង្គមធំៗ Ronaldo ដែលកំពុងប្រើប្រាសរួមមានជាង ៦៣៩លាននាក់នៅលើ Instagram, ១៧០លាននាក់ជាងនៅលើ Facebook, នៅលើ X (អតីត Twitter) មានប្រមាណជាង ១១៣លាននាក់ និងប្រមាណជាង ៦០.៦លាននាក់នៅលើ YouTube, ហើយនៅលើប្រព័ន្ធ Weibo មានជិត ១០លាននាក់ និងក៏មានប្រមាណជិត ១០លាននាក់នៅ Kuaishou ។
ខណៈបើតាមប្រភពពី Telecomlead នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ មានរបាយការណ៍បង្ហាញថា Ronaldo ក៏ទទួលបានការឧបត្ថម្ភប្រមាណ ៣.២លានដុល្លារ ពីបណ្តាញសង្គម Instagram ដែលនេះជាអត្រាច្រើនជាងតារាងឆ្នើម Lionel Messi រកបានត្រឹម ២.៥លានដុល្លារ នៅរាល់ការបង្ហាញលើប្រព័ន្ធផ្សព្វផ្សាយមួយនេះ ដ្បិតបុរសសញ្ជាតិអាហ្សង់ទីន មានអ្នកតាមដានប្រមាណជាង ៥០៤លាននាក់ ។
ឃើញថា ការស្ទុះឡើងនៅចំនួនអ្នកតាមដានលើបណ្តាញសង្គមដោយថ្មីៗនេះ កីឡាករដែលកំពុងកាន់កំណត់ត្រាស៊ុតច្រើនជាងគេផ្លូវការ Most official goals កើនដល់ ៩០១គ្រាប់ជាងលើពិភពលោក Ronaldo ក្នុងនោះការបង្កើត YouTube Channel (UR.Cristiano) ត្រឹម ៩០នាទីក៏ទទួលបានអ្នកចុច Subscribers ប្រមាណ ១លាននាក់ ក្លាយជាកំណត់ត្រាមួយផងដែរ ៕