(បរទេស)៖ កម្មវិធីទិញទំនិញតាមអនឡាញដ៏ពេញនិយម Taobao ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន Alibaba នោះ ត្រូវបានរាយការណ៍មកថា ឈរនៅលំដាប់កំពូលលើ App Store ក្នុងប្រទេសសិង្ហបុរី មានអ្នកទាញយកច្រើនបំផុត បន្ទាប់ពីកម្មវិធីនេះបានអាប់ដេតឲ្យមានជាអង់គ្លេស ខណៈកន្លងទៅមានតែភាសាចិនប៉ុណ្ណោះ។
តាមការចេញផ្សាយដោយសារៈព័ត៌មាន CNBC នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា Taobao បានជាប់ចំណាត់ថ្នាក់លេខ១នៅក្នុង App Store សិង្ហបុរី គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ជាថ្ងៃដែលកម្មវិធីនេះបានធ្វើកំណែថ្មីឲ្យមានជាភាសាអង់គ្លេស និងធ្វើឲ្យមានអ្នកប្រើប្រាស់ទាញយកកាន់តែច្រើន ត្បិតកាលមុនឈរនៅចំណាត់ថ្នាក់លេខ៥ ហើយពេលនេះលោតមកលេខ១តែម្តង។ ការធ្វើឲ្យមានជាភាសាអង់គ្លេសនេះ គឺដើម្បីសម្រួលដល់អ្នកប្រើប្រាស់ ដែលមិនមែនជាជនជាតិចិន ដោយពុំចាំបាច់ប្រើប្រាស់កម្មវិធីបកប្រែពីភាសាចិនមកអង់គ្លេសទៀតនោះទេ ហើយភាសាអង់គ្លេសដែលមានក្នុងកម្មវិធី Taobao នៅពេលនេះ គឺប្រើជំនួយពីបច្ចេកវិទ្យា AI ដែលក្រុមហ៊ុនអភិវឌ្ឈន៍ផ្ទាល់។
Alibaba ម្ចាស់កម្មវិធី Taobao បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារថា ការអាប់ដេតថ្មីនេះ គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ Taobao ក្នុងការបម្រើដល់អ្នកប្រើប្រាស់សិង្ហបុរីរបស់ខ្លួន ដែលបានបង្ហាញពីបំណងប្រាថ្នាចង់ឲ្យមានជាភាសាអង់គ្លេស....។ សិង្ហបុរី គឺជាទីផ្សារដំបូងដែល Taobao អាប់ដេតមានជាភាសាអង់គ្លេស បន្ទាប់មកប្រទេសម៉ាឡេស៊ី ខណៈនៅតាមបណ្តាប្រទេសផ្សេងទៀត Alibaba មិនបានបញ្ជាក់ឡើយថា នឹងមាននៅពេលណា។
គួរជម្រាបថា កម្មវិធីទិញទំនិញតាមអនឡាញ Taobao និង Tmall គឺជាប្រភពចំណូលដ៏ធំបំផុតរបស់ Alibaba រហូតមកដល់ពេលនេះ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Taobao និង Tmall Group សម្រាប់ត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា មានចំនួន ២៦.៥៥ពាន់លានយន់ (៣.៦៥ពាន់លានដុល្លារ) កើនឡើង ៦% ពីមួយឆ្នាំទៅមួយឆ្នាំ៕