(ភ្នំពេញ)៖ ធនាគារ ABA បានចូលរួមឧបត្ថម្ភក្នុងនាមជា Gold Sponsor នៃវេទិកាស្រូវអង្ករកម្ពុជា (Cambodia Rice Forum) ដែលរៀបចំឡើងដោយ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ក្នុងគោលបំណងបង្ហាញអំពីការរីកចម្រើនដ៏គួរឲ្យកោតសរសើរនៃផលិតកម្មស្រូវ ដោះស្រាយបញ្ហាប្រឈមនានា និងស្វែងរកឱកាសថ្មីៗក្នុងវិស័យស្រូវអង្ករក្នុងប្រទេស។
កម្មវិធីនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងស្ថាប័នរាជរដ្ឋាភិបាល តំណាងភ្នាក់ងារអភិវឌ្ឍន៍ និងភាគីពាក់ពន្ធសំខាន់ៗមកពីទូទាំងខ្សែសង្វាក់តម្លៃអង្ករ។
វេទិកានេះ រៀបចំឡើងក្រោមប្រធានបទ «ការប្រែក្លាយខ្សែសង្វាក់ផ្គត់ផ្គង់អង្ករកម្ពុជា ឲ្យកាន់តែមានភាពធន់ និរន្តភាព និងបរិយាបន្ន» ដែលបានដើរតួនាទីយ៉ាងល្អឥតខ្ចោះក្នុងការរៀបចំកិច្ចពិភាក្សាជាច្រើនដូចជា គន្លឹះសំខាន់នៃភាពប្រកួតប្រជែងលើការធ្វើកសិកម្មដាំដុះស្រូវ គោលការណ៍បរិដ្ឋាន សង្គម អភិបាលកិច្ចល្អនិងនិរន្តរភាពហិរញ្ញប្បទានដល់វិស័យស្រូវអង្ករកម្ពុជា និងនិន្នាការអង្ករពិភពលោក និងបញ្ហាសន្តិសុខស្បៀង។
ក្នុងកម្មវិធីនោះផងដែរ ABA ក៏បានរៀបចំបញ្ជរនៅទីតាំងផ្ទាល់ដើម្បីឲ្យអ្នកចូលរួមបានស្វែងយល់បន្ថែមទៅលើសេវាកម្ម និងផលិតផលចុងក្រោយបង្អស់របស់ធនាគារ ដែលផ្តោតសំខាន់ទៅលើកម្ចីឥណទានដែលអាចជួយអាជីវកម្មបង្កើនប្រតិបត្តិការរបស់ខ្លួនមួយកម្រិតទៀត។ ការផ្តួចផ្តើមនេះ សង្ឃឹមថាអាចនឹងផ្តល់សេវាកម្មហិរញ្ញវត្ថុចាំបាច់ និងការគាំទ្រក្នុងការពង្រឹងអាជីវកម្មរបស់ពួកគេឆ្ពោះទៅរកភាពជោគជ័យនិងរីកចម្រើន។
ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេស ធនាគារ ABA បន្តប្តេជ្ញាចិត្តគាំទ្រការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព ដែលរួមចំណែកបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាកសិករខ្មែរទាំងមូល។ ការឧបត្ថម្ភនេះបានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការជំរុញកំណើន និងការនវានុវត្តន៏ ក្នុងវិស័យស្រូវអង្ករកម្ពុជាផងដែរ។
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ ២០២១-២០២៣។ ធនាគារ ABA មាន៩៥សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន ៤៥កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង ១ ៦០០ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង ៣.៥ លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ៕