(បរទេស)៖ ក្រុមហ៊ុន Nokia បានបដិសេធជាផ្លូវការនូវរបាយការណ៍ដែលបង្ហាញថាខ្លួនកំពុងស្វែងរកអ្នកជំនួសតំណែងប្រធាន និងនាយកប្រតិបត្តិ (CEO) របស់ខ្លួន គឺលោក Pekka Lundmark។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្តល់ទៅឱ្យ Reuters ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា «ក្រុមប្រឹក្សាភិបាលគាំទ្រយ៉ាងពេញទំហឹងដល់ប្រធាន និង CEO លោក Pekka Lundmark ហើយមិនកំពុងដំណើរការដើម្បីជំនួសគាត់នោះទេ»។
យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reutes ដែលចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹងថា Nokia បានបដិសេធទៅនឹងរបាយការណ៍របស់ Financial Time ដែលនិយាយថាខ្លួនកំពុងស្វែងរកនាយកប្រតិបត្តិថ្មី។ ក្រុមហ៊ុនហ្វាំងឡង់ដ៏ចំណាស់នេះ បានទទួលស្គាល់ថា ខ្លួនបានវាយតម្លៃជាបន្តបន្ទាប់នូវផែនការស្នងតំណែងរយៈពេលវែងរបស់ថ្នាក់ដឹកនាំរបស់ខ្លួន ដែលរួមមានការពិភាក្សាអំពីបេក្ខជនទាំងខាងក្នុង និងខាងក្រៅ ប៉ុន្តែរឿងរ៉ាវទាំងនេះ CEO របស់ខ្លួនសុទ្ធតែបានដឹងលឺទាំងអស់។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Nokia បានរំលឹកឡើងវិញថាមិនមានផែនការណាមួយនាពេលបច្ចុប្បន្នដើម្បីជំនួសតំណែងលោក Lundmark នោះទេ។
គួរជម្រាបថា លោក Lundmark ត្រូវបានតែងតាំងជា CEO របស់ Nokia ក្នុងឆ្នាំ២០២០។ ទាក់ទងនឹងការពិភាក្សាទាំងនេះ ត្រូវបានគេរំពឹងថាអាចនឹងទាក់ទងនឹងដំណើការហិរញ្ញវត្ថុថ្មីនេះរបស់ Nokia ខណៈដែលក្រុមហ៊ុនមានអាយុកាលដ៏ចំណាស់នេះ បានរាយការណ៍ពីការធ្លាក់ចុះប្រមាណ ៣២ភាគរយ នៃប្រាក់ចំណេញប្រតិបត្តិការសម្រាប់ត្រីមាសទី២ ដោយលើកឡើងពីតម្រូវការខ្សោយសម្រាប់ឧបករណ៍ទូរគមនាគមន៍ 5G ប៉ុន្តែបាននិយាយថា ការលក់គួរតែងើបឡើងវិញនៅចុងឆ្នាំ២០២៤ ដោយមានជំនួយពីការបញ្ជាទិញពីអាមេរិកខាងជើង៕