(ភ្នំពេញ)៖ មិនថាការបញ្ចូលលុយ ដកប្រាក់ និងផ្ទៀងផ្ទាត់អត្តសញ្ញាណជាមួយនឹងកម្មវិធីទូទាត់បាគងទេសចរ ភ្ញៀវទេសចរអន្តរជាតិទាំងអស់ អាចអញ្ចើញទៅកាន់ទីតាំងបញ្ជរធនាគារ វីង ស្ថិតក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងភ្នាក់ងារធនាគារ វីង ក្នុងក្រុងសៀមរាបបានយ៉ាងងាយស្រួល។ ធនាគារ វីង (ខេមបូឌា) ម.ក បានបង្ហាញការគាំទ្រធនាគារជាតិ នៃកម្ពុជាយ៉ាងពេញទំហឹង ក្នុងការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ដែលជាដំណោះស្រាយដ៏សំខាន់មួយ ដើម្បីជួយឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេស កាន់តែងាយស្រួលក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល ប្រកបដោយសុវត្ថិភាពអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យបទពិសោធន៍ នៃដំណើរកម្សាន្តកាន់តែមានភាពរីករាយ។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា «គំនិតផ្តួចផ្តើមដ៏សំខាន់នេះ អាចជួយឱ្យភ្ញៀវទេសចរបរទេសទទួលយកនូវរបៀបរស់នៅ ដ៏ស៊ីវិល័យមួយក្នុងអំឡុងពេលនៃការធ្វើដំណើរកម្សាន្ត នៅក្នុងប្រទេសកម្ពុជា ដោយពួកគាត់មិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ ហើយក៏មិនព្រួយបារម្ភក្នុងការដាក់ក្រដាសប្រាក់ជាប់តាមខ្លួន ឬត្រូវដូរក្រដាសទក់ ឬចាស់ទៀតនោះឡើយ»។
បច្ចុប្បន្ននេះ ភ្ញៀវទេសចរភាគច្រើនពឹងផ្អែកលើការប្រើប្រាស់ប័ណ្ណឥណទាន និងក្រដាសប្រាក់ ដែលបង្កនូវផលលំបាកមួយចំនួន ដោយសារតែម៉ាស៊ីនទទួលការទូទាត់ប័ណ្ណឥណទាន នៅមានចំនួនកម្រិត ហើយការមិនទទួលយកក្រដាសប្រាក់រហែក ឬទក់ក៏ជាកត្តាប្រឈមផងដែរ។
ទោះជាយ៉ាងណាក្តី បណ្តាញទូទាត់តាមរយៈការស្កេន KHQR ដោយប្រើប្រាស់ប្រព័ន្ធបាគងនៅក្នុងប្រទេសកម្ពុជា គឺមានភាពទូលំទូលាយដែលមានប្រមាណ ៣,៣លានទីតាំងឯណោះ ដោយរួមទាំងតូបលក់ដូរតូចៗផងដែរ ហើយក្នុងនោះបណ្តាញដៃគូអាជីវកម្ម ដែលប្រើប្រាស់ KHQR របស់ធនាគារ វីង មានដល់ទៅ ១៦៥.០០០ហាង ដែលនឹងធ្វើឱ្យបទពិសោធន៍នៃការទូទាត់របស់ភ្ញៀវទេសចរបរទេស កាន់តែងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរ។ នៅពេលអញ្ជើញមកដល់ប្រទេសកម្ពុជា ភ្ញៀវទេសចរអាចទាញយកកម្មវិធីទូទាត់បាគងទេសចរពី App Store ឬ Play Store នៅក្នុងស្មាតហ្វូន ហើយបន្ទាប់មកគ្រាន់តែបំពេញការចុះឈ្មោះ ជាមួយនឹងអ៊ីមែលផ្ទាល់ខ្លួនរបស់ពួគគេតែប៉ុណ្ណោះ ដើម្បីដំណើរការអេប។
វីង ក៏មានបញ្ជរមួយស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានទីតាំងនៅទល់នឹងមុខច្រកមកដល់របស់អ្នកដំណើរ ដើម្បីជួយសម្រួលទៅដល់ភ្ញៀវទេសចរផ្ទៀងផ្ទាត់អត្តសញ្ញាណ ឬហៅថាការសម្គាល់អត្តសញ្ញាណអតិថិជន (KYC) ក៏ដូចជាជួយពួកគេក្នុងការបញ្ចូលទឹកប្រាក់ ចូលទៅក្នុងកម្មវិធីទូទាត់បាគងទេសចរ នៅពេលពួកគេមកដល់ប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ ភ្នាក់ងារធនាគារ វីង ស្ថិតក្នុងក្រុងសៀមរាបក៏អាចជួយសម្រួល ក្នុងដំណើរការនេះទៅដល់ភ្ញៀវទេសចរបានយ៉ាងងាយស្រួលផងដែរ។
ក្រោយចុះឈ្មោះលើកដំបូងរួចរាល់ អ្នកប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរអាចចំណាយរហូតដល់ទៅ ៥០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ហើយអាចបង្កើនទំហំនៃការចំណាយរហូតដល់ទៅ ៣.០០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ ដោយគ្រាន់តែបំពេញព័ត៌មានពេញលេញ ជាមួយរូបថត និងលិខិតឆ្លងដែនរបស់អ្នកប្រើប្រាស់ផ្ទាល់តែប៉ុណ្ណោះ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានសរសេរនៅលើគណនី LinkedIn ផ្ទាល់ខ្លួន ដោយមានប្រសាសន៍ថា «ការទូទាត់តាមរយៈការសេ្កន KHQR មានរហូតដល់ទៅ៣,៣ លានទីតាំង បើធៀបជាមួយនឹងការទូទាត់តាមម៉ាស៊ីន POS ដែលមានប្រមាណតែ ៥៥.០០០ទីតាំងប៉ុណ្ណោះ ឥឡូវនេះការទូទាត់នៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ»។
ធនាគារជាតិ នៃកម្ពុជា មានការរំពឹងទុកថា កម្មវិធីទូទាត់បាគងទេសចរនឹងជំរុញវិស័យទេសចរណ៍ ឱ្យមានសម្ទុះកំណើនកាន់តែខ្លាំងក្លាថែមទៀត ស្របពេលការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ មានកំណើនល្អប្រសើរឡើងវិញ។ ក្រសួងទេសចរណ៍បានរាយការណ៍ ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា ដោយបានស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៣,១៦លាននាក់ ត្រឹមរយៈពេលពាក់កណ្តាលឆ្នាំ២០២៤នេះ ដែលបង្ហាញការកើនឡើង ២៣% ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បាគង ដែលជាច្រកទូទាត់ជាតិត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា បានដំណើរការដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងសន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ (Application Programming Interface-API) ដើម្បីបង្កើនប្រសិទ្ធភាពអន្តរប្រតិបត្តិការ ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនក្នុងស្រុក។ ដោយមានសមាជិកសរុប ៧០គ្រឹះស្ថានហិរញ្ញវត្ថុ ហើយក្នុងនោះមាន ៤៩សមាជិកកំពុងប្រតិបត្តិការយ៉ាងសកម្ម បាគងបានក្លាយជាថ្នាលដ៏សំខាន់មួយ ក្នុងការជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ទៅដល់អ្នកប្រើប្រាស់។
គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំនេះ ប្រតិបត្តិការទូទាត់ជាប្រាក់រៀល តាមប្រព័ន្ធទូទាត់បាគងមានចំនួនសរុប ៧៥,៥លានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ប្រមាណ ៦៤,៩ ទ្រីលានរៀល។ ទន្ទឹមគ្នានេះ ប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក បានកើនដល់ ៩៩,៨លានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់សរុប ៣៨,៨ពាន់លានដុល្លារអាមេរិក។ គំនិតផ្តួចផ្តើមនេះនឹងបង្កើនបាននូវភាពងាយស្រួល ប្រសិទ្ធភាព និងភាពច្នៃប្រឌិត សម្រាប់វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយបង្កើតបាននូវស្តង់ដារគំរូមួយ សម្រាប់អនាគតដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ និងជារួមជំរុញកំណើនសេដ្ឋកិច្ច ឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត៕