(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics ធ្លាក់ចុះ ៣% នៅថ្ងៃសុក្រសប្តាហ៍នេះ ដោយសារបុគ្គលិកនៅរោងចក្រក្នុងប្រទេសឥណ្ឌាបន្តធ្វើកូដកម្ម និងជះផលរំខានជាខ្លាំងដល់សង្វាក់ផលិតកម្មក្នុងក្រុមហ៊ុន។ បញ្ហានៅបន្តនេះ គឺបន្ទាប់ពីសហជីពតំណាងឲ្យបុគ្គលោក អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Samsung និងមន្ត្រីការងាររបស់រដ្ឋ បានបរាជ័យក្នុងការចចារគ្នារកដំណោះស្រាយ។
បើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា បុគ្គលិករាប់រយនាក់បានធ្វើកូដកម្មតាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយទាមទារឱ្យក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកមួយនេះ ទទួលយកសំណើររបស់ពួកគេ ក្នុងការដំឡើងប្រាក់ឈ្នួល និងកាត់បន្ថយម៉ោងធ្វើការ។ Reuters បានរាយការណ៍ថា កូដកម្មនេះគឺជាការវាយប្រហារដ៏ធំបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុងប្រទេសឥណ្ឌា។ ត្បិតរោងចក្រនេះ ជារោងចក្រមួយក្នុងចំណោមរោងចក្រទាំងពីរដែលក្រុមហ៊ុន Samsung ដែលដំណើរការនៅក្នុងប្រទេសឥណ្ឌា ហើយមានរហូតដល់ ៣០% នៃប្រាក់ចំណូលប្រចាំឆ្នាំ ១២ពាន់លានដុល្លាររបស់ក្រុមហ៊ុន Samsung។
អ្នកនាំពាក្យក្រុមហ៊ុន Samsung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុនចូលរួមយ៉ាងសកម្ម ដើម្បីពិភាក្សាជាមួយកម្មករ ដើម្បីរកដោះស្រាយ ក្នុងន័យគោរពតាមច្បាប់ និងបទប្បញ្ញត្តិនានា។ តែយ៉ាងណារហូតមកទល់នឹងពេលនេះ គេមិនទាន់ឃើញមានដំណោះស្រាយណាមួយត្រូវបានធ្វើឡើងឡើយ ។
គួរចម្រាបថា Samsung Electronics គឺជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងទីផ្សារស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិករបស់ប្រទេសឥណ្ឌា។ យោងតាម Statista បានឱ្យដឹងថា ប្រាក់ចំណូលលើវិស័យឧបករណ៍ប្រើប្រាស់សំខាន់ៗក្នុងឆ្នាំ ២០២៤នៅក្នុងប្រទេសឥណ្ឌាគឺមានចំនួន ៣៨.២ ពាន់លានដុល្លារ៕