(មេនឆេស្ទើ)៖ លោក Erik ten Hag អ្នកចាត់ការទូទៅ Manchester United បានថ្លែងថា រូបលោកនៅតែត្រូវការខ្សែបម្រើ Casemiro សម្រាប់ក្រុមរបស់លោកដដែល ទោះបីកីឡាករអន្តរជាតិប្រេស៊ីលរូបនេះធ្វើពុំបានល្អ ពេលចាញ់ហង្សក្រហម Liverpool ក៏ដោយ។
តាមរយៈសម្រង់សំដីលោក Ten Hag ដែលត្រូវបានចេញផ្សាយដោយ BBC នៅថ្ងៃនេះបានឱ្យដឹងថា «ពិតណាស់ ខ្ញុំនៅតែត្រូវការ Casemiro។ ខ្ញុំបាននិយាយជាមួយគាត់រួចហើយអំពីស្ថានភាពនេះ ដ្បិតគ្រប់គ្នាមិនអាចគេចផុតពីកំហុសនោះទេ។ Casemiro ជាកីឡាករមួយរូបដែលពោរពេញដោយបទពិសោធន៍ និងមិនមែនជួបរឿងនេះលើកទី១ ឯណា?»។
យ៉ាងណាក៏ដោយ Casemiro ដែលត្រូវបានក្លិបអង់គ្លេស Man Utd ទិញពី Real Madrid ត្រូវប្រជែងតំណែងជាមួយ សមាជិកថ្មី Manuel Ugarte ដែលបិសាចក្រហមទើបទិញពីក្លិបបារាំង Paris Saint Germain ក្នុងតម្លៃ ៤១លានផោន នារដូវកាលនេះ។
ខ្សែបម្រើវ័យ ៣២ឆ្នាំរូបនេះបានបង្កកំហុស ២លើកដែលនាំឱ្យ Liverpool នាំមុខ ២គ្រាប់នៃវគ្គទី១ នៅ Premier League ក្នុងចំណោមលទ្ធផលចាញ់ផ្លូវការ ៣-០ នៅមុនពេលលីគសម្រាក ដើម្បីកីឡាករទៅលេងឱ្យជម្រើសជាតិរៀងៗខ្លួន៕