(ភ្នំពេញ)៖ សាលាអន្តរជាតិ ជីងម៉ីហ័រ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំពិធីបិទឆ្នាំសិក្សា ២០២៣-២០២៤ ប្រគល់វិញ្ញាបនបត្រ និងប័ណ្ណសរសើរ ជូនដល់សិស្សានុសិស្ស ក្រោមអធិបតីភាពលោក សាន់ រ៉ាមូ អគ្គនាយកសាលាអន្ដរជាតិ ជីងម៉ីហ័រ។
លោក សាន់ រ៉ាមូ បានថ្លែងថា «ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចកី្តសោមនស្សរីករាយជាទីបំផុត ដែលបានមកជួបជុំបុគ្គលិក លោកគ្រូ-អ្នកគ្រូ គ្រប់ផ្នែកទាំងអស់ នៃសាលាអន្តរជាតិ ជីងម៉ីហ័រ នាឱកាសនៃពិធីបិទឆ្នាំសិក្សា ២០២៣-២០២៤»។
បន្ថែមពីនោះទៀត លោក សាន់ រ៉ាមូ បានបន្ដថា «ខ្ញុំមានសេចកី្តរីករាយឥតឧបមា សូមថ្លែងនូវការស្វាគមន៍ដល់លោក-លោកស្រី ជាមាតាបិតា អាណាព្យាបាលសិស្ស និងប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានអញ្ជើញ មកចូលរួមក្នុងពិធីថ្ងៃនេះ»។
លោក សាន់ រ៉ាមូ បានលើកឡើងថា កម្មវិធីនេះ ដើម្បីជាការថ្លែងអំណរគុណ ដល់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដែលបានផ្តល់នូវការសហការ និងការគាំទ្រ ដល់សាលាអន្តរជាតិ ជីងម៉ីហ័រ ក៏ដូចជាការលើកទឹកចិត្ត ដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំរៀនសូត្រទ្វេឡើង ឈានឆ្ពោះទៅរកឧត្តមភាព នាពេលអនាគត។
អគ្គនាយកសាលាអន្ដរជាតិ ជីងម៉ីហ័រ មានសេចកី្តសង្ឃឹមជឿជាក់ថា ក្រោយពិធីបិទឆ្នាំសិក្សា និងការកំសាន្តសប្បាយថ្ងៃនេះ បុគ្គលិក លោកគ្រូ អ្នកគ្រូ ទាំងអស់ ពិតជានឹងបន្តកិច្ចខិតខំប្រឹងប្រែង ដ៏មានតម្លៃរបស់ខ្លួន ដើម្បីផ្តល់នូវពុទ្ធិពិតប្រាកដ ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស។
ជាមួយគ្នានេះ លោក សាន់ រ៉ាមូ ក៏សូមផ្តាំផ្ញើឲ្យប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រឲ្យខ្លាំងក្លាបំផុត ដើម្បីក្លាយខ្លួនជា កូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ នាពេលអនាគត។
សូមជម្រាបថា សាលាអន្តរជាតិ ជីងម៉ីហ័រ បច្ចុប្បន្នសាលាកំពុងដំណើរការថ្នាក់ចំណេះទូទៅ ៣ភាសា ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដោយប្រើប្រាស់កម្មវិធីស្របតាមក្រសួងអប់រំ យុវជន និងកីឡា និងចំណេះទូទៅភាសាអង់គ្លេស ចិន តាមស្តង់ដាកម្មវិធីអន្តរជាតិ៕