(បរទេស)៖ TikTok និងក្រុមហ៊ុនមេរបស់ខ្លួន ByteDance ត្រៀមប្រឈមមុខដ៏តឹងរឹងមួយជំហានទៀតនៅសវនាការអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីតទល់គ្នាតាមផ្លូវច្បាប់ស្វែងរកដំណោះស្រាយ ត្បិតកម្មវិធីនេះប្រឈមនឹងការបិទនៅអាមេរិកនាពេលខាងមុខ។
បើតាមការចេញផ្សាយដោសសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា សាលាឧទ្ធរណ៍សហរដ្ឋអាមេរិកនៅតំបន់កូឡុំប៊ី នឹងធ្វើការជជែកដេញដោលលើបញ្ហាប្រឈមផ្លូវច្បាប់ ដែលអាចជាការកំណត់ជោគវាសនារបស់ TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance ខណៈសវនាការនេះធ្វើឡើងមុនពេលការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ ចូលមកដល់។ ទោះយ៉ាងណាក៏ដោយ គេសង្កេតឃើញថា ទាំងបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump និងអនុប្រធានាធិបតី Kamala Harris បន្តប្រើប្រាស់ TikTok យ៉ាងសកម្ម ដើម្បីស្វែងរកសំឡេងឆ្នោតពីសំណាក់យុវវ័យ។ ដូច្នេះការហាមឃាត់ TikTok នៅអាមេរិកនេះ ហាក់ស្រពិចស្រពិលនៅឡើយ ទោះបីតុលាការនៅតែបន្តនីតិវិធីសួរដេញដោលក៏ដោយ។
គួរជម្រាបថា ប្រធានាធិបតីលោក Joe Biden បានចុះហត្ថលេខាលើច្បាប់ថ្មីដែលកំណត់ជោគវាសនារបស់ TikTok កាលពីខែមេសា ដោយផ្តល់ពេលវេលាឱ្យក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance រហូតដល់ថ្ងៃទី១៩ ខែមករា ដើម្បីលក់ TikTok ទៅឲ្យក្រុមហ៊ុនណាមួយរបស់អាមេរិក បើមិនដូច្នេះប្រឈមនឹងការហាមឃាត់។ ហេតុផលនៃការធ្វើដូច្នេះ គឺសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងដោយបានលើកឡើងថា ប្រទេសចិនអាចចូលប្រើទិន្នន័យរបស់ជនជាតិអាមេរិក ឬតាមដានពួកគេតាមរយៈកម្មវិធី TikTok។ តែយ៉ាងណា TikTok បានបញ្ជាក់រួចហើយថា ខ្លួនមិនបានចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឲ្យរដ្ឋាភិបាលចិននោះទេ ហើយរដ្ឋាភិបាលចិនក៏មិនបានដាក់សម្ពាធមកលើខ្លួនក្នុងការបង្ខំឲ្យចែករំលែកទិន្នន័យផងដែរ៕