(ភ្នំពេញ)៖ លោក Jonathan Stubbs មន្រ្តីអភិវឌ្ឍន៍សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ប្រចាំតំបន់អាស៊ី បានស្ងើចសរសើរម្ចាស់ផ្ទះកម្ពុជា ដែលរៀបចំការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៤ឆ្នាំ (ATF Asian U14 Junior Championship 2024) បានយ៉ាងល្អ ខណៈកីឡាករ-កីឡាការិនីចូលរួមសុទ្ធតែសប្បាយរីករាយ។
ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍ ATF Asian 14U Junior Championship 2024 ក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៩-១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានអត្តពលិកវ័យក្មេងចំនួន ៤៨នាក់ មកពី ១៦ប្រទេសក្នុងទ្វីបអាស៊ីចូលរួមប្រកួតប្រចាំឆ្នាំនេះ។
មន្ដ្រីអន្ដរជាតិខាងលើ បាននិយាយថា «ភាពល្អនៃការធ្វើម្ចាស់ផ្ទះរបស់កម្ពុជា គឺបូករួមទាំងការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ-ហូបចុក និងការធ្វើដំណើរជាដើម ។ ខ្ញុំសង្កេតឃើញថា កីឡាករ-កីឡាការិនីយុវជនទាំងអស់ ពិតជាសប្បាយរីករាយ ដែលចូលរួមប្រកួតនៅកម្ពុជា។ ចំពោះការប្រកួតបានដំណើរការយ៉ាងរលូនល្អ ដោយគណៈកម្មការបច្ចេកទេសផ្តល់ភាពសុក្រិត្យ យុត្តិធម៌ ក្នុងការផ្តល់ពិន្ទុ ខណៈទីលានក៏មានលក្ខណៈស្ដង់ដារផងដែរ»។
នេះជាលើកទី២ ហើយ ដែលកម្ពុជាបានធ្វើម្ចាស់ផ្ទះជើងឯកយុវជនអាស៊ី ក្រោយទទួលបានជោគជ័យក្នុងការរៀបចំដូចគ្នា កាលពីឆ្នាំ២០២៣ ។ យោងតាមសិក្ខាសាលាស្ដីពីការអភិវឌ្ឍកីឡាវាយកូនបាល់អាស៊ី កាលពីថ្មីៗ កម្ពុជា ក៏បានស្នើបន្ដធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៥ ផងដែរ ក្នុងចំណោមបេក្ខភាពប្រមាណ ៤ប្រទេស ដែលបានស្នើសុំ ។ ដូច្នេះសហព័ន្ធកីឡាវាយកូនបាល់អន្ដរជាតិ នឹងពិចារណាលើការស្នើសុំធ្វើម្ចាស់ផ្ទះទាំងនោះ។ លោក Jonathan Stubbs បន្ថែម។
គួរដឹងថា ពិធីបិទការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ី ឆ្នាំ២០២៤ នៅកម្ពុជា ក៏មានការអញ្ជើញចូលរួមពីលោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាវាយកូនបាល់អាស៊ី ព្រមទាំងប្រតិភូកីឡា និងអត្តពលិកទាំង ១៦ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា ចិន ឆាយនីសតៃប៉ិ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ កាហ្សាក់ស្ថាន កូរ៉េខាងត្បូង ម៉ាឡេស៊ី នេប៉ាល់ ប៉ាគីស្ថាន តួកមេនីស្ថាន អ៊ូបេគីស្ថាន ថៃ និងវៀតណាម ។
ចំពោះលទ្ធផលបច្ចេកទេសក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ថ្ងៃ សម្រាប់វិញ្ញាសាឯកត្តជននារី មេដាយមាស បានទៅកីឡាការិនីកូរ៉េ Siyoen Sim និងមេដាយប្រាក់ បានទៅកីឡាការិនីថៃ Paweenon Sualsri។ វិញ្ញាសាវាយគូនារី មេដាយមាស បានទៅកីឡាការិនីកូរ៉េ Siyoen Sim និងកីឡាការិនីថៃ Paweenon Sualsri ខណៈមេដាយប្រាក់ បានទៅកីឡាការិនី Gulden Azamatkyzy និងកីឡាការិនី Nailya Baimakhanova។ ចំណែកវិញ្ញាសាឯកត្តជនបុរស មេដាយមាស បានទៅកីឡាករឥណ្ឌា Hruthik Katakam និងមេដាយប្រាក់ បានទៅកីឡាករកូរ៉េ DongJae Kim គ្រាដែលវិញ្ញាសាវាយគូបុរស មេដាយមាស បានទៅកីឡាករកូរ៉េ Dongjae Kim និង Junseo Jang ខណៈមេដាយប្រាក់ បានទៅកីឡាករថៃ Tri Srisen និង Dharma Pantartorn៕