(ភ្នំពេញ)៖ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន ហ្វឺម 614 ឯ.ក និង ក្រុមហ៊ុន RGB Macau Limited. បានសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការតម្រង់ទិសលើស្លត់ម៉ាស៊ីន (ផលិតផល Light & Wonder និង Aristocrat Products)» នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ហ្វឹម 614 ឯ.ក ដែលមានទីតាំងនៅផ្ទះលេខ៩-១០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងបំណងលើកកម្ពស់ការយល់ដឹងទូទៅអំពីទិដ្ឋភាពបច្ចេកទេសល្បែងពាក់ព័ន្ធនឹងស្លត់ម៉ាស៊ីន និងការយល់ដឹងអំពីការគ្រប់គ្រងឧបករណ៍ល្បែង និង/ឬកម្មវិធីល្បែង អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងសមស្របតាមលក្ខណៈបច្ចេកទេសអន្តរជាតិ។

គ្រូបង្គោលនៃវគ្គបណ្តុះបណ្តាលនេះ គឺជាអ្នកជំនាញបច្ចេកទេសល្បែងពី ក្រុមហ៊ុន Light & Wonder និងក្រុមហ៊ុន Aristocrat ដែលជាក្រុមហ៊ុនផលិតឧបករណ៍ និង/ឬកម្មវិធីល្បែងដែលឈានមុខគេទូទាំងពិភពលោក និងមានសិក្ខាកាមចូលរួមពីមន្ត្រីជំនាញរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា
(គ.ល.ក.), បុគ្គលិកជំនាញរបស់ក្រុមហ៊ុន ហ្វឺម 614 ឯ.ក និងក្រុមហ៊ុន RGB (Macau) Limited.។

ក្រុមហ៊ុន ហ្វឺម 614 ឯ.ក ជាក្រុមហ៊ុនទទួលបានការទទួលស្គាល់ និងចុះបញ្ជីដោយ គ.ល.ក. ក្នុងការផ្តល់សេវាពិគ្រោះយោបល់និងរៀបចំឯកសារគ្រប់ប្រភេទពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្ម និងនាំចូល លក់ និងចែកចាយឧបករណ៍ និង/ឬកម្មវិធីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ តាមរយៈលិខិតលេខ២០០៨/២៣ អ.គ.ល.ក. ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

ក្រុមហ៊ុន RGB (Macau) Limited. ជាក្រុមហ៊ុនដៃគូររបស់ក្រុមហ៊ុន ហ្វឺម 614 ឯ.ក ដែលជាក្រុមហ៊ុនឈានមុខនៃការផ្គត់ផ្គង់ឧបករណ៍ និង/ឬកម្មវិធីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទនៅតំបន់អាស៊ី និងមានបទពិសោធន៍ក្នុងវិស័យល្បែងលើសពី ៣០ឆ្នាំ៕