(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានប្រារព្ធមហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដែលជាព្រឹត្តិការណ៍ សង្គមសប្បុរសធម៌ដ៏ថ្មីស្រឡាង ផ្តួចផ្តើមឡើងដោយមូលនិធិ២៥រៀល។
ពិធីមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងលោកស្រី ឡុង បូណារ៉េត អភិបាលរងតំណាងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងរួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត ភ្ញៀវកិត្តិយស ដៃគូអាជីវកម្មវីតាល់ បុគ្គលិកវីតាល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និងអ្នកស្ម័គ្រចិត្តទាំងអស់ប្រមាណ ៤០០នាក់។
«គរុកតញ្ញុតា» គឺជាព្រឹត្តិការណ៍រំឭកគុណគ្រូ ដ៏ធំប្រចាំឆ្នាំ ផ្តួចផ្តើមឡើងដោយ មូលនិធិ២៥រៀល វីតាល់ ក្នុងគោលបំណងលើកកម្ពស់គុណវុឌ្ឍិ គ្រូបង្រៀន និងជាឱកាស នៃការជួបជុំសម្តែងនូវឧបការគុណ ជូនចំពោះលោកគ្រូ អ្នកគ្រូ ដែលខិតខំប្រឹងប្រែងលះបង់ អស់ពីកម្លាំងកាយចិត្ត ក្នុងការបណ្តុះបណ្តាលគ្រាប់ពូជ នៃអនាគតកម្ពុជា។
មហាព្រឹត្តិការណ៍នេះ បានប្រារព្ធឡើងដំណាលគ្នាស្រប តាមពេលវេលា និងទម្រង់ដូចគ្នានៅខេត្ត ដែលមានសក្តានុពលធំៗចំនួន៥រួមមាន ខេត្តតាកែវ កំពង់ស្ពឺ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ដែលស្របជាមួយ ឱកាសនៃការខិតជិតមកដល់នៃទិវាគ្រូបង្រៀន ៥តុលា នាពេលខាងមុខផងដែរ។
លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា ស្របពេលដែល «គរុកតញ្ញុតា» កំពុងប្រព្រឹត្តឡើងនៅខេត្តកំពង់ស្ពឺ មហាព្រឹត្តិការណ៍នេះក៏បានកំពុងប្រារព្ធឡើងដំណាលគ្នា នៅខេត្តចំនួន៤ផ្សេងទៀតរួមមាន៖ ខេត្តសៀមរាប, តាកែវ, បាត់ដំបង និងបន្ទាយមានជ័យ ដោយទទួលបានការចូលរួម ពីថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តទាំង៤ផងដែរ។
លោកស្រីបានបន្តថា «គរុកតញ្ញុតា» បានបង្កប់នូវខ្លឹមសារ នៃការរឹតចំណង និងផ្សារភ្ជាប់គ្នារវាងគ្រូ និងសិស្ស ព្រមជាមួយការបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណី របស់សិស្សានុសិស្សទាំងឡាយ គប្បីរំឭក នូវ គុណូបការៈដ៏ថ្លៃថ្លា របស់គ្រូបង្រៀន ដែលលោកគ្រូ អ្នកគ្រូ បានបូជាកម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការខិតខំព្យាយាមកែឥរិយាបទ ចរិយាមាយាទ ព្រមទាំងបង្ហាត់បង្រៀនក្មួយៗ ឱ្យទទួលបានលទ្ធផលល្អ និងមានការវិវឌ្ឍ ចំណេះដឹង ចំណេះធ្វើ កាន់តែរីកចម្រើនគួរជាទីមោទនៈ។
លោកស្រី ឡុង បូណារ៉េត អភិបាលរង តំណាងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ការផ្តួចផ្តើមឡើងនូវព្រឹត្តិការណ៍ «គរុកតញ្ញុតា» ដោយមូលនិធិ២៥រៀល វីតាល់ ពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងបង្កើននូវចរិយាធម៌ និងសីលធម៌សង្គមឱ្យកាន់តែប្រសើរឡើងជាពិសេសបានបំផុសស្មារតីដល់ ឱ្យ សិស្សានុសិស្សឱ្យ រំលឹក គុណូបការៈ ដ៏ ថ្លៃថ្លា របស់ គ្រូបង្រៀន ដែល ធ្លាប់បាន បង្រៀន និង បណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ដើម្បីបុព្វហេតុរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅរកសង្គមពុទ្ធិ ប្រកបដោយវិបុលភាព ក្នុងសម័យកាលថ្មី ដើម្បីអនាគតមាតុភូមិកម្ពុជា ដ៏ត្រចះត្រចង់លើគ្រប់វិស័យ។
លោកស្រីបានបន្តថា ព្រឹត្តិការណ៍ «គរុកតញ្ញុតា» បានរំលេចនូវអត្ថន័យ នៃការដឹងគុណដ៏ធំធេងរបស់គ្រូបង្រៀន ថែមទាំងបានបង្កើតនូវបរិយាកាសស្និទ្ធស្នាលប្រកបដោយភាពវិជ្ជមាន រវាងគ្រូ និងសហគមន៍រួមមានព្រះសង្ឃ មន្ត្រីរាជការ អាណាព្យាបាល និងសិស្សានុសិស្ស ក្នុងដំណើរឆ្ពោះទៅរកឧត្តមភាព នៃបរិស្ថានសិក្សា និងប្រព័ន្ធអបរំជារួមប្រកបដោយចីរភាព។
បន្ថែមពីនេះទៀតលោកសហរីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមឡើងនូវព្រឹត្តិការណ៍សង្គម «គរុកតញ្ញុតា» របស់មូលនិធិ ២៥រៀលវីតាល់ ក្នុងការរៀបចំព្រឹត្តិការណ៍រំឭកគុណគ្រូបង្រៀនដ៏ធំសម្បើម ដែលពុំធ្លាប់កើតមានឡើងនៅមូលដ្ឋានខេត្តកំពង់ស្ពឺ សកម្មភាពថ្ងៃនេះជាកាយវិការ និងគម្រូដ៏ល្អពីសំណាក់វីតាល់ ក្នុងនាមជាវិស័យឯកជន ដោយបានផ្សាភ្ជាប់ជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងនូវចរិយាធម៌ និងសីលធម៌សង្គមឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសើរឡើង បន្ថែមទៀត។
ក្នុងឱកាសនេះដែរ វីតាល់បានចេញនូវកេសថ្មីចំណុះ 500mL ដែលមានក្បាច់រចនាសមសួនថ្លៃថ្នូរ ដោយរំលេចរូបតំណាង ខេត្តទាំង៥ និងផ្សារភ្ជាប់ខ្លឹមសារអប់រំនៃការរំឭកគុណគ្រូ ជាមួយនឹងផ្លាកសញ្ញា «គរុកតញ្ញុតា» ដ៏ស្រស់សោភាផងដែរ។ កេសវីតាល់ «គរុកតញ្ញុតា» ចំនួនផលិតមានកំណត់នេះ បានដាក់លក់លើទីផ្សារសម្រាប់តែ៥ខេត្តតែប៉ុណ្ណោះ ចាប់តាំងពីថ្ងៃទី១៥ សីហា រហូតដល់អស់ពីស្តុក។
គួរបញ្ជាក់ផងដែរថា វីតាល់ «គរុកតញ្ញុតា» ត្រូវបានកើតចេញ ពីការចូលរួមគាំទ្រពីសំណាក់អតិថិជន អ្នកប្រើប្រាស់ និងដៃគូអាជីវកម្មវីតាល់ ដែលរាល់ការជាវ វីតាល់ គ្រប់ៗ ដប លោកអ្នកបានចូលរួមបរិច្ចាគថវិកាចំនួន២៥៛ ដោយផ្ទាល់ ទៅកាន់មូលនិធិ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាព សប្បុរសធម៌ និងការងារសង្គមនានា តួយ៉ាងដូចព្រឹត្តិការណ៍ ដែលកំពុងកើតឡើង នាពេលនេះ។ វីតាល់ បន្តតាំងចិត្តយ៉ាងមុតមាំ ក្នុងការផ្ដួចផ្ដើម និងបន្តចួលរួមឧបត្ថម្ភគាំទ្រដល់គម្រោង និងសកម្មភាពសង្គមនានា ដើម្បីឆ្លើយតបតម្រូវកា ចាំបាច់របស់សង្គមលើគ្រប់វិស័យ៕