(ភ្នំពេញ)៖ សាលាញូវហ្គេតវ៉េអន្តរជាតិ នាថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ធម្យមសិក្សាទុតិយភូមិ ដល់សិស្សប្រមាណ៧៤៦ នាក់ ក្នុងនោះសិស្សប្រមាណ៦៦នាក់ ទទួលបានពានរង្វាន់សិស្សឆ្នើម បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានលទ្ធផលល្អ សម្រាប់ការសិក្សាថ្នាក់ចំណេះទូទៅភាសាអង់គ្លេស ចំណេះទូទៅភាសាខ្មែរ និងភាសាចិន។
ពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា បានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា បណ្ឌិត ប៊ុន ណារី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកា នៃសាលាញូវហ្គេតវ៉េអន្តរជាតិ ព្រមទាំងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។
ថ្ងៃប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា និងសិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤ នេះ គឺថ្ងៃមួយដ៏នក្ខត្តឫក្ស និងពោរពេញដោយអត្ថន័យ សម្រាប់សិស្សានុសិស្សនៃសាលាញូវហ្គេតវ៉េអន្តរជាតិ ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលផងដែរ។
ថ្លែងក្នុងឱកាសប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានោះ អ្នកឧកញ៉ា បណ្ឌិត ប៊ុន ណារី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកា នៃសាលាញូវហ្គេតវ៉េអន្តរជាតិ បានលើកឡើងថា លទ្ធផលនៃភាពជោគជ័យរបស់សិស្សានុសិស្សនៅថ្ងៃនេះ គឺសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់សាលា លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្សខ្លួនឯងផ្ទាល់ផងដែរ កត្តាដែលធ្វើឱ្យសាលាញូវហ្គេតវ៉េអន្តរជាតិ មានភាពខុសប្លែកពីសាលាដទៃទៀត គឺដោយសារតែសាលា មានចក្ខុវិស័យ បេសកកម្ម និងគោលបំណងច្បាស់លាស់ ដែលប្រើប្រាស់កម្មវិធីសិក្សាពីស្ថាប័នអកហ្វត ហើយសាលាក៏មានកម្មវិធីសិក្សាក្រៅថ្នាក់ផងដែរ ដើម្បីផ្តល់ឱកាសឱ្យសិស្សបានចូលរួមបន្ថែម។ សំខាន់ជាងនេះទៅទៀតនោះ លោកគ្រូ អ្នកគ្រូ សុទ្ធសឹងមានគរុកោសល្យច្បាស់លាស់ទទួលបានការបណ្តុះបណ្តាលពីស្ថាប័នអកហ្វត មានបទពិសោធន៍ច្រើនឆ្នាំ និងយកចិត្តទុកដាក់ក្នុងការបង្រៀនថែមទៀតផង។
អ្នកឧកញ៉ា មានប្រសាសន៍បន្ថែមថា «ភាពរីកចម្រើន និងចំណុចខ្លាំងរបស់សាលាញូវហ្គេតវ៉េអន្តរជាតិ មិនមែនកើតឡើងដោយចៃដន្យនោះឡើយ គឺប្រាកដណាស់បានពីការយកចិត្តទុកដាក់បំពេញការងាររបស់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ហើយក៏មិនអាចកាត់ផ្តាច់បានពីការខិតខំរៀនសូត្ររបស់សិស្សានុសិស្ស និងការចូលរួមពីសំណាក់មាតាបិតាសិស្សផងដែរ។»
អ្នកឧកញ៉ា បានលើកឡើងថា ការបណ្តុះបណ្តាលមនុស្សឱ្យក្លាយជាបញ្ញាវន្តពិតប្រាកដមួយ គឺពិតជាមានការលំបាក ត្រូវការការតាមដានត្រួតពិនិត្យគ្រប់ពេលវេលា ហើយអ្នកដឹកនាំប្រាកដណាស់ ត្រូវមានគំនិតឈ្លាសវៃ។ ជាមួយគ្នានេះអ្នកឧកញ៉ា ក៏បានធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្ស ឱ្យបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្រាវជ្រាវបន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សដែលមានសក្កានុពលសម្រាប់គ្រួសារ និងប្រទេសជាតិ។
អ្នកឧកញ៉ា បានបន្តថា ការសិក្សារៀនសូត្រត្រូវធ្វើឡើងពេញមួយជីវិតគឺគ្មានទីបញ្ចប់ ហើយដើម្បីទទួលបានធនធានមនុស្សប្រកបដោយសមត្ថភាពពិតប្រាកដគឺត្រូវមានចំណេះដឹង បទពិសោធន៍ និងសីលធម៌។
លើសពីនេះទៅទៀត អ្នកឧកញ៉ា ថែមទាំងបានក្រើនរម្លឹកទៅដល់សិស្សានុសិស្សទាំងអស់ដែរថា ត្រូវដឹងថាខ្លួនឯងជាអ្នកណា? កំពុងធ្វើអ្វី? និងធ្វើដើម្បីអ្វី?។ សញ្ញាបត្រដែលទទួលបានថ្ងៃនេះគឺមានសារៈសំខាន់ណាស់ក្នុងការសិក្សាបន្តទៅថ្នាក់បន្ទាប់ ឬថ្នាក់ឧត្តមសិក្សា ទាំងថ្នាក់ជាតិនិងអន្តរជាតិ ។
បច្ចុប្បន្ន សាលាញូវហ្គេតវ៉េអន្តរជាតិ មានពីរសាខា សាខាទី១ ស្ថិតនៅជិត ផ្សារដេប៉ូសង្កាត់វាលវង់ ខណ្ឌ៧មករា និងសាខាទី២ ស្ថិតនៅជិតផ្សារឈូកមាសខណ្ឌសែនសុខ និងកំពុងត្រៀមបើកសាខាទី៣ខាងមុខនេះផងដែរ។
លោក ហៅ សុផៃ និងលោកស្រី គឹម បូរ័ត្ន ដែលជាឪពុកម្តាយរបស់សិស្ស សុផៃរ័ត្ន និរន្តរ៍ បានសម្តែងនូវអារម្មណ៍រីករាយ ដែលកូនរបស់ពួកគាត់ទទួលបានពានរង្វាន់សិស្សឆ្នើមចំនួន២ សម្រាប់ថ្នាក់ភាសាខ្មែរ និងភាសាចិន។
លោកទាំងពីរបានលើកឡើងថា ការបង្កើតកម្មវិធី ប្រគល់ពានរង្វាន់ដល់សិស្សឆ្នើមនាថ្ងៃនេះ មានសារៈសំខាន់ណាស់ ក្នុងការលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានខិតខំរៀនសូត្រ និងទទួលបានលទ្ធផលល្អ។ អាណាព្យាបាលសិស្សរូបនេះ បន្ថែមថា បន្ទាប់ពីលោកបានបញ្ជូនកូនឱ្យមកសិស្សនៅសាលាញូវហ្គេតវ៉េអន្តរជាតិ សមត្ថភាពនៃការសិក្សាកូនរបស់លោក កាន់តែប្រសើរឡើង ជាពិសេសភាសាចិន និងភាសាអង់គ្លេស។
លោក លឹម ម៉ៅ និង លោកស្រី យាង រីណា ដែលមានកូន៤នាក់កំពុងសិស្សនៅ សាលាញូវហ្គេតវ៉េអន្តរជាតិ បានឱ្យដឹងថា ក្នុងចំណោមកូន៤នាក់របស់លោកដែលកំពុងសិក្សានៅទីនេះ មានម្នាក់ទទួលបានពានរង្វាន់សិស្សឆ្នើម និងម្នាក់ទៀតទទួលបានសញ្ញាបត្របញ្ចប់ការសិក្សា។ លោកសង្ឃឹមថា នៅឆ្នាំក្រោយ កូនរបស់លោកនឹងទទួលបានពានរង្វាន់សិស្សឆ្នើម បន្ថែមទៀត ដោយសារការបង្រៀនរបស់គ្រូនៅទីនេះ ល្អប្រសើរធ្វើឱ្យសិស្សឆាប់ចាប់។ លើសពីនេះទៅទៀត សញ្ញាបត្រនេះនៅទីនេះ មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដែលអាចបន្តការសិក្សា ទាំងក្នុង និងក្រៅប្រទេស៕