(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធលំដាប់កំពូល Vinicius Junior និង Kylian Mbappe រកបានម្នាក់ ១គ្រាប់បញ្ចូលទី ក្នុងជ័យជម្នះ ២ទល់នឹង០ ទៅលើម្ចាស់ផ្ទះ Real Sociedad ក្នុងលីគ La Liga នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។
ឆ្លងតាម ៣ពិន្ទុដោយស្រួលក្រៅដីនេះដែរ ពួកគេបានរួមចំណែកជួយក្រុមការពារតំណែងជើងឯក Real បន្តលេងមិនចាញ់ ក្នុងចំណោម ៥ប្រកួតនាដើមរដូវកាលថ្មីឆ្នាំ២០២៤-២០២៥ ដែលប្រដេញតំណែងកំពូលតារាងជាមួយ FC Barcelona ផងដែរសម្រាប់ជើងទី១។
ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Reale Arena ក្រុមរបស់លោក Carlo Ancelotti ត្រូវរង់ចាំដល់នាទី៥៨ ទើបមានគ្រាប់នាំមុខ ១គ្រាប់ដោយបាល់ប៉េណាល់ទីស៊ុតដោយ Vinicius ដ្បិតអតីតខ្សែការពារ Manchester City គឺ Sergio Gomez បានបង្កកំហុសទៅលើ Arda Guler និងជាគ្រាប់ទី២ របស់កីឡាករអន្តរជាតិប្រេស៊ីលក្នុងលីគអេស្ប៉ាញ La Liga នារដូវកាលនេះផងដែរ។
ការប្រកួតគឺបានបន្តរហូតដល់នាទី៧៥ អធិរាជស Real Madrid បានទទួលបាល់ ១១ម៉ែត្រជាលើកទី២ ទៀត ក៏ព្រោះតែ Jon Aramburu បានបង្កកំហុសទៅលើ Vinicius ដែលស៊ុតបានសម្រេចដោយប្រធានក្រុមជម្រើសជាតិបារាំង Mbappe និងជាគ្រាប់ទី៣ ជាមួយ Real ក្នុងចំណោម ២ប្រកួតចុងក្រោយនេះ ស្របពេលម្ចាស់ផ្ទះ Sociedad មានឱកាសស៊ុតចំគោលដៅ ២លើក ប៉ុន្តែត្រូវបាន Thibaut Courtois ជួយសង្រ្គោះបាន៕