(ប៉េកាំង)៖ ខ្សែបម្រើអន្តរជាតិប្រេស៊ីល Oscar បានប្រកាសចាកចេញពីប្រទេសប្រជាមានិតចិន ពេលបញ្ចប់រដូវកាលឆ្នាំ២០២៤-២០២៥ ជាទីដែលលោកបានប្រកបអាជីពបាល់ទាត់អស់រយៈពេល ៧ឆ្នាំ ក្នុងដែនដីស្ថិតក្នុងទ្វីបអាស៊ីមួយនេះ។
យោងតាមប្រភពពី China Daily នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានចេញផ្សាយថា កីឡាករវ័យ ៣៣ឆ្នាំរូបនេះ នឹងចាកចេញពីលីគ Chinese Super League ក្នុងក្លិប Shanghai Port នៅចុងបញ្ចប់រដូវកាលនេះ ក្រោយពេលរួមរស់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីចាកចេញពីតោខៀវ Chelsea នាឆ្នាំ២០១៧។
Oscar ដែលទទួលបានតម្លៃខ្លួនខ្ពស់មួយនៅលីគរបស់ចិន ក្នុងចំណោមកីឡាករនានាមកពីតំបន់អឺរ៉ុបបានធ្វើពិធីលាគ្នា និងបានថ្លែងថា «ខ្ញុំស្រឡាញ់ Shanghai ក៏ប៉ុន្តែវាមានចម្ងាយឆ្ងាយណាស់ពីផ្ទះរបស់ពួកយើង។ យើងពុំអាចនៅទីនេះរហូតបានទេ។ មួយវិញទៀត ម្តាយរបស់ខ្ញុំកាន់តែចាស់ ហើយប្អូនស្រីក៏មានកូនច្រើនទៀត ដែលទាមទារឱ្យខ្ញុំរស់នៅក្បែរគាត់»។
បច្ចុប្បន្នក្រុម Shanghai Port របស់ Oscar បានកំពុងឈរទីកំពូលតារាង Super League ដោយមាន ៦៣ពិន្ទុ ក្រោយឆ្លងកាត់ ២៤ប្រកួតរួចមក ក្នុងដំណើរស្វែងរកជើងឯកលីគចិនជាលើកទី៣ ក្នុងប្រវត្តិសាស្រ្តក្លិប ខណៈពេលថ្មីៗនេះ បណ្តាក្លិបនៅប្រេស៊ីល អឺរ៉ុប និងកាតា បានបង្ហាញការចាប់អារម្មណ៍ចំពោះ Oscar៕