(ឡុងដ៍)៖ Nottingham Forest បានកាត់ផ្តាច់កំណត់ត្រាល្អឥតខ្ចោះរបស់គ្រូបង្វឹកថ្មី Arne Slot ក្នុងក្លិបហង្សក្រហម Liverpool តាមរយៈយកឈ្នះ ១-០ ត្រឹមសប្តាហ៍ទី៤ ជើងទី១ ក្នុងលីគអង់គ្លេស Premier League នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

Forest នៅតែរក្សាបានកំណត់ត្រាលេងមិនចាញ់ក្នុងលីគ នាដើមរដូវកាលថ្មីឆ្នាំ២០២៤-២០២៥ និងជាការរកបានជ័យជម្នះលើកទី២ របស់ពួកគេទៀតផង ក្រៅពីស្មើ ២លើក។ នេះក៏ជាលើកដំបូងផងដែរដែលពួកគេរកបាន ៣ពិន្ទុនៅទឹកដី Anfield របស់ហង្សក្រហម នៅគ្រប់កម្មវិធីប្រកួតគិតចាប់តាំងពីឆ្នាំ១៩៦៩ មក។

កីឡាករ Cullum Hudson-Odoi ជាអ្នកធ្វើបានគ្រាប់ជ័យជម្នះ ក្នុងនាមកីឡាករបម្រុងដែលបានស៊ុតយ៉ាងស្អាត ត្រង់មុំ ៩០ដឺក្រេខាងក្រោមរបាទី នៅពេល Alisson Becker មិនអាចជួយសង្រ្គោះបានឡើយ។

តាមរយៈ ៣ពិន្ទុក្រៅដីដ៏គាប់ប្រសើរនេះដែរ បានញាំងឱ្យ Forest រំកិលទៅកាន់ចំណាត់ថ្នាក់លេខ៥ មាន ៨ពិន្ទុក្នុងលីគ Premier League និងចាញ់ប្រៀប Liverpool ៣ចំណាត់ថ្នាក់ ដែលបានកំពុងឈរនៅលេខរៀងទី២ ជាបណ្តោះអាសន្ន មាន ៩ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងមេឃខៀវ Manchester City ដែលមាន ១២ពិន្ទុ ក្រោយឈ្នះ ៤ប្រកួតពេញ៕