(ភ្នំពេញ)៖ នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញតិ្តអំពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ដោយមិនប្រកាន់ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពផ្សេងៗឡើយ ។ ច្បាប់បានការពារដល់បុគ្គលគ្រប់រូបទោះបីជាជននោះជានីតិជន ឬជាអនីតិជន (ជនមានអាយុតិចជាង ១៨ឆ្នាំ) ក្តី ត្រូវគោរពទៅតាមគោលការណ៍ច្បាប់ជាធរមាន អនុសញ្ញាអន្តរជាតិ សេចក្តីថ្លែងការណ៍ជាសកល កតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសជាសកលជាដើម ។
ប្រសិនបើអនីតិជនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួន-ចាប់ខ្លួន តើច្បាប់ផ្តល់ការការពារ និងឧត្តមប្រយោជន៍ដល់អនីតិជនយ៉ាងដូចម្តេចខ្លះ? តើនីតិវិធីនៃការស្តាប់ចម្លើយអនីតិជននៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ប្រព្រឹត្តទៅយ៉ាងដូចម្តេចខ្លះ?
ដូច្នេះដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី “នីតិវិធីស្តាប់ចម្លើយអនីតិជននៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌” មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម៖
មុននឹងឈានដល់ខ្លឹមសារនៃអត្ថបទច្បាប់ យើងគប្បីយល់ពីពាក្យគន្លឹះមួយចំនួនជាមុនសិន គឺពាក្យ “អ្នកតំណាងដែលច្បាប់បានកំណត់” “អ្នកទំនុកបម្រុង” និង “នីតិវិធីកុមារមេត្រី” ។ ពាក្យ “អ្នកតំណាងដែលច្បាប់បានកំណត់” សំដៅដល់អ្នកមានអំណាចមេបា អ្នកអាណាព្យាបាលសម្រាប់អនីតិជន និងអ្នកអាណាព្យាបាលទូទៅ ។ ពាក្យ “អ្នកទំនុកបម្រុង” សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលត្រូវបានជ្រើសរើសដោយអនីតិជន ឬដោយអាជ្ញាធរមានសមត្ថកិច្ច និងមានការយល់ព្រមពី អនីតិជនឱ្យទទួលខុសត្រូវក្នុងការទំនុកបម្រុងខ្លួន ក្នុងអំឡុងពេលអនុវត្តនីតិវិធីដែលមានចែងក្នុងច្បាប់ ស្តីពី យុត្តិធម៌អនីតិជន ។ រីឯពាក្យ “នីតិវិធីកុមារមេត្រី” សំដៅដល់ដំណើរការ និងនីតិវិធីដែលពាក់ព័ន្ធនឹងការលើកទឹកចិត្តឱ្យ អនីតិជនចូលរួមក្នុងរឿងក្តី តាមរយៈការប្រើប្រាស់ភាសា និងអាកប្បកិរិយាក្នុងកម្រិតដែលអនីតិជនអាចយល់បាន និងក្នុងបរិយាកាសដែលផ្តល់ឱ្យអនីតិជននូវសុវត្ថិភាព សន្តិសុខ សិទ្ធិ និងតម្រូវការជាមូលដ្ឋាន ។
អនីតិជនដែលអាចឃាត់ខ្លួន ចាប់ខ្លួនបានលុះត្រាតែមានអាយុចាប់ពី ១៤ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំដែលនេះជាវ័យមួយងាយរងគ្រោះថ្នាក់ ដូច្នេះបានជាច្បាប់បានយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចគាំពារតាមផ្លូវច្បាប់លើអនីតិជនដែលបានប្រព្រឹត្តបទល្មើសតាំងពីដំណាក់កាលដំបូងបំផុតនៃនីតិវិធី ចំពោះការស្តាប់ចម្លើយអនីតិជន មានលក្ខណៈខុសពីការស្តាប់ចម្លើយជនទូទៅ ដោយមន្ត្រីនគរបាលយុត្តិធម៌ត្រូវគិតអំពីសិទ្ធិ និងឧត្តមប្រយោជន៍របស់អនីតិជននោះជាចាំបាច់ ហើយត្រូវអនុវត្តតាមបទបញ្ញត្តិនៃច្បាប់ ស្តីពី យុត្តិធម៌អនីតិជន ឆ្នាំ២០១៦ ដែលមានការបែងចែកជាពីរដំណាក់កាលដូចខាងក្រោម៖
* នីតិវិធីមុនស្តាប់ចម្លើយ
អនីតិជនត្រូវទទួលបានឱកាសសន្ទនា ឬទំនាក់ទំនងជាមួយអ្នកតំណាងដែលច្បាប់បានកំណត់ ឬអ្នកទំនុកបម្រុង
ឬភ្នាក់ងារសង្គមកិច្ច និងមេធាវីជាលក្ខណៈឯកជន និងជាសម្ងាត់ ប្រសិនបើមានការស្នើសុំ លើកលែងតែជនទាំងនេះមានការទាក់ទិនក្នុងរឿងជាមួយ ។ ការជួបសន្ទនា ឬទាក់ទងគ្នាមានរយៈពេល ៣០ (សាមសិប) នាទី និងត្រូវធ្វើមុនពេលស្តាប់ចម្លើយ ប្រសិនបើអាចធ្វើទៅបាន ។
* ការស្តាប់ចម្លើយ
មុនពេលស្តាប់ចម្លើយ មន្ត្រីនគរបាលយុត្តិធម៌ត្រូវប្រាប់ដល់អនីតិជនអំពីសិទ្ធិជាមូលដ្ឋានជាពិសេស គឺសិទ្ធិមិនផ្តល់ចម្លើយនៅពេលដែលមាន ឬគ្មានវត្តមានមេធាវី ។ ការស្តាប់ចម្លើយត្រូវប្រព្រឹត្តដោយមានវត្តមានរបស់មេធាវី ដោយប្រើប្រាស់នីតិវិធីកុមារមេត្រីមានលក្ខណៈជាឯកជន និងជាការសម្ងាត់ ។ អ្នកតំណាងដែលច្បាប់បានកំណត់ ឬអ្នកទំនុកបម្រុងរបស់អនីតិជន និងភ្នាក់ងារសង្គមកិច្ចដែលមានសិទ្ធិ ហើយអាចផ្តល់ជំនួយដល់អនីតិជន មានសិទ្ធិចូលរួមក្នុងការស្តាប់ចម្លើយអនីតិជនបាន ប៉ុន្តែមន្ត្រីនគរបាលយុត្តិធម៌អាចមិនអនុញ្ញាតឱ្យអ្នកតំណាងដែលច្បាប់បានកំណត់ ចូលរួមស្តាប់ចម្លើយប្រសិនបើវត្តមានអ្នកទាំងនោះផ្ទុយនឹងឧត្តមប្រយោជន៍របស់អនីតិជន ហើយការមិនអនុញ្ញាតនេះ ត្រូវមានការពិគ្រោះយោបល់ជាមួយមេធាវី ឬភ្នាក់ងារសង្គមកិច្ច និងអនីតិជន ។
ប្រសិនបើអ្នកតំណាងដែលច្បាប់បានកំណត់មិនអាចចូលរួមបាន ត្រូវអនុញ្ញាតឱ្យអ្នកទំនុកបម្រុងអនីតិជនចូលរួមជំនួសប្រសិនបើមាន ប៉ុន្តែបើក្នុងករណីអវត្តមានអ្នកតំណាងដែលច្បាប់បានកំណត់ ឬអ្នកទំនុកបម្រុង ឬមេធាវីរបស់អនីតិជន ឬភ្នាក់ងារសង្គមកិច្ចក្នុងពេលស្តាប់ចម្លើយ មន្ត្រីនគរបាលយុត្តិធម៌ត្រូវចុះនិទ្ទេសក្នុងកំណត់ហេតុដោយបញ្ជាក់ពីមូលហេតុនៃការអវត្តមាននោះ ហើយបញ្ចូលក្នុងសំណុំរឿងរបស់អនីតិជន ។ បន្ទាប់ពីបញ្ចប់ការស្តាប់ចម្លើយភ្លាម អនីតិជនមានសិទ្ធិអានកំណត់ហេតុស្តាប់ចម្លើយបាន បើក្នុងករណីអនីតិជនមិនអាចអានបាន មន្ត្រីនគរបាលយុត្តិធម៌ ឬអ្នកបកប្រែ ត្រូវអានកំណត់ហេតុស្តាប់ចម្លើយឱ្យអនីតិជនស្តាប់ ។
មន្ត្រីនគរបាលយុត្តិធម៌ត្រូវអនុញ្ញាតឱ្យមេធាវី ឬអ្នកតំណាងដែលច្បាប់បានកំណត់ ឬអ្នកទំនុកបម្រុងអនីតិជន ឬភ្នាក់ងារសង្គមកិច្ចអានកំណត់ហេតុស្តាប់ចម្លើយ ។ អនីតិជនអាចសុំកែប្រែ ឬបន្ថែមបន្ថយចម្លើយលើកំណត់ហេតុស្តាប់ចម្លើយបាន មុននឹងចុះហត្ថលេខា ឬផ្តិតស្នាមម្រាមដៃលើកំណត់ហេតុនោះ ដោយត្រូវចុះនិទ្ទេស ។ អ្នកតំណាងដែលច្បាប់បានកំណត់ ឬអ្នកទំនុកបម្រុងអនីតិជន ឬភ្នាក់ងារសង្គមកិច្ចដែលមានវត្តមាន ត្រូវចុះហត្ថលេខា ឬផ្តិតស្នាមម្រាមដៃលើកំណត់ហេតុ ហើយបើក្នុងករណីអនីតិជន ឬអ្នកចូលរួមណាមួយមិនព្រមចុះហត្ថលេខា ឬផ្តិតស្នាមម្រាមដៃលើកំណត់ហេតុ មន្រ្តីនគរបាលយុត្តិធម៌ត្រូវចុះនិទ្ទេស នៅក្នុងកំណត់ហេតុនោះ ។
សរុបសេចក្តីជារួមមក នីតិវិធីនៃការស្តាប់ចម្លើយអនីតិជននៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ ត្រូវអនុវត្តតាមបទបញ្ញត្តិមាត្រា ២១ និងមាត្រា ២២ នៃច្បាប់ ស្តីពី យុត្តិធម៌អនីតិជន ឆ្នាំ២០១៦ ដោយត្រូវគិតអំពីសិទ្ធិ និងឧត្តមប្រយោជន៍របស់អនីតិជនជាចាំបាច់ក្នុងការគាំទ្រដល់ការស្តារនីតិសម្បទា និងការធ្វើសមាហរណកម្មអនីតិជនទៅក្នុងសង្គម និងសហគមន៍វិញ ហើយបើក្នុងករណីដែលមន្ត្រីនគរបាលយុត្តិធម៌ មិនអនុវត្តតាមបញ្ញត្តិខាងលើ នោះនឹងនាំឱ្យមានមោឃភាពនៃនីតិវិធី ។
រៀបរៀងដោយ៖ មេធាវី ទ្រី ស្រីល័ក្ខណ និងលោក ភា ពិសិដ្ឋ ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ
និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ
០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕