(បាសេឡូណា)៖ Lamine Yamal រកបាន ២គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ៤-១ របស់ក្រុម FC Barcelona ទៅលើម្ចាស់ផ្ទះ Girona នាយប់មិញបន្តកំណត់ត្រាលេងឈ្នះទាំង ៥ប្រកួតក្នុងលីគនាដើមរដូវកាលថ្មីនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
២គ្រាប់របស់ខ្សែបម្រើស្លាបអេស្ប៉ាញខាងលើនេះ គឺបានកើតឡើងនៅនាទីទី៣០ នៅមុនពេល ៧នាទីបន្ទាប់ ធ្វើបានសម្រេចគ្រាប់ទី២ ចុងម៉ោងបញ្ចប់នៃវគ្គទី១។
សម្រាប់ម្ចាស់ផ្ទះ Girona ដែលបានបញ្ចប់ក្នុងតំណែងលេខ៣ ក្នុងលីគ La Liga នារដូវកាលមុនវិញ រំពឹងទទួលបានបាល់ ១១ម៉ែត្រ បន្ទាប់ពី Bryan Gil បានតែតបាល់ទៅបុកដៃ Inigo Martinez ក្នុងប្រអប់គ្រោះថ្នាក់ ប៉ុន្តែត្រូវបានបដិសេធដោយប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ទៅវិញ។
ក្នុងការប្រកួតជើងទី១ ប្រចាំសប្តាហ៍ទី៥ នេះដែរ សមាជិកថ្មី Dani Olmo ជាអ្នករកបានគ្រាប់ទី៣ នៅដើមវគ្គទី២ និងបានក្លាយជាកីឡាករដំបូងគេ ដែលរកបានគ្រាប់បាល់ ក្នុងចំណោម ៣ប្រកួតដំបូងរបស់ Barcelona ក្នុងលីគគិតចាប់តាំងពី Cesc Fabregas ធ្លាប់ធ្វើបានកាលឆ្នាំ២០១១ និងគ្រាប់ទី៤ ធ្វើបានដោយ Pedri នៅនាទី៦៤ ដ្បិត Girona រកបានតែ ១គ្រាប់វាយបកនៅនាទី៨០ ពោលគឺមុនពេលក្រុមភ្ញៀវបានបាត់បង់សមាជិកម្នាក់គឺ Farran Torres ដែលទទួលបានកាតក្រហមនៅនាទី៨៦។
តាមរយៈជ័យជម្នះនេះដែរ បានធ្វើឱ្យក្រុមរបស់លោក Hansi Flick បន្តកាន់កាប់តំណែងកំពូលតារាង La Liga ដ៏រឹងមាំ ដោយនាំមុខក្រុមលេខ២ Real Madrid ៤ពិន្ទុផងដែរ ក្នុងនាមជាក្រុមលេងឈ្នះទាំង ៥ប្រកួតជាប់ៗគ្នាតែម្តង៕