(ម៉ូនិច)៖ ក្រោយពេលដំណើរការលីគរដូវកាលថ្មីឆ្នាំ២០២៤-២០២៥ មានរយៈពេល ១ខែមកនេះ តែមាន ៣ក្លិបប៉ុណ្ណោះ ដែលធ្វើបានល្អដាច់គេតាមរយៈលេងមិនទាន់ចាញ់ និងស្មើឡើយ ក្នុងចំណោមលីគធំៗទាំង៥ ប្រចាំតំបន់អឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

ទាំង ៣ក្រុមដែលបន្តលេងឈ្នះ ១០០% និងបានកំពុងឈរទីកំពូលតារាងផងនោះរួមមាន FC Barcelona របស់អេស្ប៉ាញ នៅក្របខណ្ឌ La Liga បន្ទាប់ពីលេងបាន ៥សប្តាហ៍មកនេះ ក្នុងនាមជាក្រុមរងជើងឯកនារដូវកាលមុន និង ២ក្រុមផ្សេងទៀតរួមមាន Bayern Munich របស់អាល្លឺម៉ង់ ក្នុងក្របខណ្ឌ Bundesliga ដែលទើបលេងបាន ៣ប្រកួត ក្នុងនាមជាក្រុមជើងឯករងរដូវកាលមុន ដែលមាន Bayer Leverkusen ជាម្ចាស់ពាន។

ចំណែកឯក្រុមការពារតំណែងជើងឯក Ligue 1 របស់បារាំង Paris Saint Germain បានកំពុងបង្ហាញភាពខ្លាំងរបស់ខ្លួន សម្រាប់រដូវកាលនេះ ដោយពុំមានវត្តមាន Kylian Mbappe ដែលផ្លាស់មកចូលរួមជាមួយ Real Madrid តាមរយៈលេងឈ្នះ ៥ប្រកួតជាប់ៗគ្នាតែម្តង។

PSG បាននាំមុខក្រុមលេខ២ Marseille ២ពិន្ទុ គ្រាដែល FC Barcelona នាំមុខក្រុមការពារតំណែងជើងឯក Real Madrid ៤ពិន្ទុ និង Bayern Munich វិញ នាំមុខក្រុមលេខ២ Borussia Dortmund ២ពិន្ទុ សម្រាប់ប្រកួតក្នុងជើងទី១ នេះដូចគ្នា៕