(បរទេស)៖ រាល់មាតិកាដែលមនុស្សពេញវ័យក្នុងចក្រភពអង់គ្លេស បានបង្ហោះនៅលើបណ្តាញសង្គម Facebook និង Instagram នោះ នឹងត្រូវក្រុមហ៊ុន Meta យកទៅប្រើប្រាស់ទាំងអស់ ដើម្បីបណ្តុះបណ្តាលគំរូ AI ថ្មី។ ដំណើរការនេះ ត្រូវបានប្រកាសដោយក្រុមហ៊ុន Meta ផ្ទាល់ និងបន្ទាប់ពីបានផ្អាកការបណ្ដុះបណ្ដាលមួយរយៈ ដើម្បីដោះស្រាយបញ្ហាផ្លូវច្បាប់មួយចំនួន។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុននឹងប្រើប្រាស់ទាំងរូបថត, Caption និង Comment ដែលបានបង្ហោះជាសាធារណៈដោយមនុស្សពេញវ័យនៅចក្រភពអង់គ្លេស ដើម្បីបណ្តុះបណ្តាលគំរូ AI ថ្មីដែលក្រុមហ៊ុនទើបបង្កើត ហើយបានបន្ថែមថា ខ្លឹមសារបណ្តុះបណ្តាលនេះ នឹងមិនរួមបញ្ចូលសារឯកជន ឬព័ត៌មានសម្ងាត់ពីគណនីរបស់អ្នកប្រើប្រាស់ក្រោមអាយុ ១៨ឆ្នាំឡើយ។ ការសម្រេចបែបនេះ ធ្វើឡើងបន្ទាប់ពី Meta កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ បានផ្អាកការចាប់ផ្តើមនៃម៉ូដែល AI នេះនៅអឺរ៉ុប បន្ទាប់ពីនិយតករឯកជនភាពអៀរឡង់ ប្រាប់ឱ្យពន្យារពេលសិន ដើម្បីពិនិត្យលើបញ្ហាផ្លូវច្បាប់។ Meta បានប្រកាសថា «ចាប់តាំងពីយើងបានផ្អាកការបណ្ដុះបណ្ដាលគំរូ AI ជំនាន់ថ្មីរបស់យើងមក គឺធ្វើឲ្យយើងមានពេលក្នុងការរកដំណោះស្រាយផ្លូវច្បាប់នៅចក្រភពអង់គ្លេស ដើម្បីបញ្ជាក់ឲ្យច្បាស់លាស់និងប្រាកដប្រជាថា រាល់ដំណើរការនេះ នឹងជួយយើងនាំយក AI ទៅកាន់ផលិតផលរបស់ Meta នៅចក្រភពអង់គ្លេសកាន់តែឆាប់»។
គួរជម្រាបថា ចំពោះដំណើរការនេះ Meta បានបញ្ជាក់ថាអ្នកប្រើប្រាស់ Facebook និង Instagram នៅចក្រភពអង់គ្លេស នឹងចាប់ផ្តើមទទួលបានការជូនដំណឹងក្នុងកម្មវិធីដែលពួកគេប្រើប្រាស់ចាប់ពីសប្តាហ៍ក្រោយនេះតទៅ ដោយពន្យល់ពីនីតិវិធីរបស់ក្រុមហ៊ុន និងរបៀបដែលអ្នកប្រើប្រាស់អាចជំទាស់បាន ប្រសិនបើពួកគេមិនចង់ឲ្យក្រុមហ៊ុនយកការបង្ហោះរបស់ពួកគេទៅប្រើប្រាស់៕