(ឡុងដ៍)៖ ថ្នាក់ដឹកនាំនៃក្លិបបាល់ទាត់អាជីព Manchester City បានចូលស្តាប់សំណុំរឿងបទចោទប្រកាន់ល្មើសច្បាប់ហិរញ្ញវត្ថុក្នុងលីគកំពូលអង់គ្លេស Premier League នាថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
ក្រុមមេឃខៀវមួយនេះ ត្រូវបានចោទប្រកាន់ពីក្រុមស្ថាប័នឯករាជ្យ នាអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីធ្វើការស៊ើបអង្កេតមានរយៈពេល ៤ឆ្នាំរួចមក។
ពួកគេបានរកឃើញថា City បានល្មើសទៅនឹងច្បាប់ហិរញ្ញវត្ថុនៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ ស្របពេលក្រុមខ្លាំងប្រចាំទីក្រុង Manchester នៅតែប្រកាន់ជំហរបដិសេធចំពោះការធ្វើខុសនេះ និងថា ពួកគេតែងតែគាំទ្ររាល់បញ្ញតិ្តរបស់ PL ជានិច្ចនាពេលកន្លងមក។
ច្បាប់នៅក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានចែងដែលគ្របដណ្តប់រាល់ព័ត៌មានទាំងឡាយទាក់ទងនឹងហិរញ្ញវត្ថុ តម្រូវមានភាពពិតប្រាកដ និងច្បាស់លាស់ទាំងចំណូលចំណាយ ចំណូលពីដៃគូឧបត្ថម្ភ រួមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗ នៅពេលបានរកឃើញថា ក្រុមជើងឯកលីគមួយនេះ ខកខានមិនចូលរួមសហការ។
គួរបញ្ជាក់ផងថា សំណុំរឿងរបស់ Man City នឹងអូសបន្លាយដល់ទៅ ១០សប្តាហ៍ឯណោះ ពោលគឺនឹងដឹងលទ្ធផលសម្រេចផ្លូវការចុងក្រោយនាចុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕