(បរទេស)៖ អ្នកវិភាគដ៏ល្បី លោក Ming-Chi Kuo បានអះអាងនៅថ្ងៃនេះថា តម្រូវការ iPhone 16 Pro និង iPhone 16 Pro Max គឺ «ទាបជាងការរំពឹងទុក» ចាប់តាំងពីស្មាតហ្វូនស៊េរីនេះត្រូវបានដាក់ឱ្យ Pre-Order នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតកាលពីសប្តាហ៍មុន។ លោក Kuo បានសង្កត់ធ្ងន់ថា ទិន្នន័យនេះគឺផ្អែកលើការស្ទង់មតិខ្សែសង្វាក់ផ្គត់ផ្គង់ និងការប៉ាន់ប្រមាណនៃការដឹកជញ្ជូនដែលបានចុះបញ្ជីនៅហាងអនឡាញរបស់ Apple ។
បើតាមការចេញផ្សាយដោយ Mac Rumors បានឲ្យដឹងថា ការលក់ iPhone 16 ទាំងបួនម៉ូដែលបានឈានដល់ចំនួនប្រហែល ៣៧លានគ្រឿងនៅសប្តាហ៍ដំបូង បន្ទាប់ពី Apple ចាប់ផ្តើមទទួលយកការបញ្ជាទិញជាមុន ខណៈចំនួននេះធ្លាក់ចុះជិត ១៣% បើប្រៀបធៀបទៅនឹងការលក់ក្នុងរយៈពេលដូចគ្នានេះ សម្រាប់ស៊េរី iPhone 15 កាលពីឆ្នាំមុន។ អ្នកវិភាគបាននិយាយថា កត្តាសំខាន់នៃការធ្លាក់ចុះនេះ គឺដោយសារតម្រូវការទាបសម្រាប់ម៉ូដែល Pro ដោយការលក់នៅសប្តាហ៍ដំបូងរបស់ iPhone 16 Pro ធ្លាក់ចុះ ២៧% និង iPhone 16 Pro Max ធ្លាក់ចុះ ១៦% បើធៀបនឹង iPhone 15 Pro។ ទោះជាយ៉ាងណាក៏ដោយ បើនិយាយពីម៉ូែល iPhone 16 និង iPhone 16 Plus ស្តង់ដារមានតម្រូវការខ្ពស់ជាង iPhone 15 និង iPhone 15 Plus ក្នុងអំឡុងពេលសប្តាហ៍ដំបូងនៃការលក់។ នេះបើតាមការបញ្ជាក់របស់លោក Kuo។
គួរជម្រាបថា បើតាមលោក Kuo ហេតុផលចម្បងសម្រាប់ម៉ូដែល iPhone 16 Pro ដែលមានតម្រូវការទាបជាងការរំពឹងទុកគឺ ដោយសារតែ Apple Intelligence នឹងមិនមាននៅលើឧបករណ៍នេះទេ។ ផ្ទុយទៅវិញ មុខងារ Apple Intelligence ដំបូងគេនឹងចេញជាមួយ iOS 18.1 នៅក្នុងខែតុលាខាងមុខ។ លើសពីនេះ អ្នកវិភាគបាននិយាយថា iPhone កំពុងប្រឈមមុខនឹង «ការប្រកួតប្រជែងខ្លាំង» នៅក្នុងប្រទេសចិន៕